សារព័ត៌មាន Channel New Asia បានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសវៀតណាមអាចធ្វើជាម្ចាស់ផ្ទះនៃការប្រណាំងរថយន្ត Formula 1លើកដំបូងនៅចុងខែវិច្ឆិកានេះ ខណៈដែលប្រទេសនេះជិតឈានដល់៣ខែដោយគ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីកើតឡើង ដោយមានចំនួនអ្នកឆ្លងត្រឹមតែ៣៦៩នាក់ប៉ុណ្ណោះដែលភាគច្រើនបានជាសះស្បើយ និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់នោះទេ។
ការប្រណាំងរថយន្តកម្មវិធី Grand Grand Prix ដំបូងបង្អស់គ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយនៅថ្ងៃទី៥ ខែមេសាប៉ុន្តែត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ អ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេនឹងតាមដានស្ថានភាពមេរោគនិងជ្រើសរើសពេលវេលាមួយផ្សេងទៀតសម្រាប់ការប្រណាំងរថយន្តលំដាប់ពិភពលោកខាងលើ។
អភិបាលក្រុងហាណូយលោក Nguyen Duc Chung បាននិយាយនៅក្នុងកិច្ចប្រជុំមួយដែលចូលរួមដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “យើងកំពុងវាយតម្លៃបញ្ហាទាំងអស់ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ហើយយើងនឹងពិភាក្សាវាជាមួយអ្នករៀបចំ។ សង្ឃឹមថា ការប្រណាំងអាចត្រូវបានបន្តឡើងវិញនៅចុងខែវិច្ឆិកាខាងមុខ”។ ប៉ុន្តែលោក Duc Chung មិនបានបញ្ជាក់លម្អិតទេ ហើយវាក៏មិនច្បាស់ដែរថាតើកាលបរិច្ឆេទខែវិច្ឆិកាត្រូវបានពិភាក្សាជាមួយសហព័ន្ធប្រណាំងរថយន្ត Formula 1ឬអត់?
សូមបញ្ជាក់ថា រដូវកាលប្រណាំង Formula 1ឆ្នាំ២០២០ បានចាប់ផ្តើមនៅប្រទេសអូទ្រីសកាលពីថ្ងៃអាទិត្យ ជាកាលបរិច្ឆេទដំបូងដែលរហូតមកដល់ពេលនេះមានការប្រណាំងចំនួន៨នៅក្នុងប្រទេសតំបន់អឺរ៉ុបដោយមិនមានអ្នកទស្សនារហូតដល់ខែកញ្ញា ហើយក៏មិនមានភាពមិនប្រាកដប្រជាអំពីចំនួនកីឡាករប្រណាំងដែរ ៕
ដោយ៖ ភារៈ