ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហើបថា សម្តេចបានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយលើបញ្ហា ការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា។ នេះបើតាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យាពីព្រោះ ជំងឺកូវីដ-១៩ នៅកម្ពុជាយើងនៅអាចត្រួតត្រា បាន ហើយ»។
ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ថា ខាងក្រសួងអប់រំយុវជន និងកីឡា សម្តេចបានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត។ ដូច្នេះតាមការសន្យា ការសងថ្ងៃឈប់សម្រាកពិធី បុណ្យចូលឆ្នាំជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន។
សម្តេចតេជោបង្ហើបថា៖ «អាចថានៅចុងខែ កក្កដា និងដើមខែសីហា ឆ្នាំ ២០២០។ បើសិនជាកិច្ចប្រជុំបានឯកភាព គ្នាហើយ នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន៥ថ្ងៃ។ បានសេចក្តីថា ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់ WHO។
សម្តេច សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់៕
ដោយ៖ សិលា