រដ្ឋមន្ត្រី​មហាផ្ទៃ ជំរុញ​ឲ្យ​អភិបាលខេត្ត ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បីចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ លើ​មន្ត្រីដែល​ចុះហត្ថលេខា​លើ​លិខិតស្នាម​មិន​ស្របច្បាប់ ពាក់ព័ន្ធ​នឹង​ដីធ្លី​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ខែកក្កដា ឆ្នាំ២០២០ បានធ្វើលិខិតផ្ញើជូនទៅគ្រប់អភិបាលខេត្តទាំងអស់ ឲ្យណែនាំបន្តទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីបញ្ជាក់ចុះហត្ថលេខាលើលិខិតស្នាមនានា ពាក់ព័ន្ធនឹងដីធ្លី ឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ និង នីតិវិធី មិនតែប៉ុណ្ណោះសម្តេច ខេង ណែនាំទៅអភិបាលខេត្ត ឲ្យចុះជួបប្រជាពលរដ្ឋផ្ទាល់ នៅកន្លែងណា ដែលមានទំនាស់ដីធ្លី ដើម្បីស្រាវជ្រាវឲ្យបានច្បាស់លាស់ពីសាវតារនៃទំនាស់ដីធ្លីនោះ និងការតវ៉ារបស់ប្រជាពលរដ្ឋ

សម្តេច ខេង សង្កត់ធ្ងន់ថា អភិបាលខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើមន្ត្រីដែលបញ្ជាក់ចុះហត្ថលេខាលើលិខិតស្នាមមិនស្របច្បាប់ ពាក់ព័ន្ធនឹងដីធ្លី ហើយការចុះជួបប្រជាពលរដ្ឋនិងការចុះស្រាវជ្រាវដោយផ្ទាល់ គឺដើម្បីធ្វើជាមូលដ្ឋាន ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់

សម្តេច ខេង បន្តថាអភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះស្ថិតិប្រជាពរដ្ឋ និងដីធ្លីរបស់ពួកគាត់ ដែលកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់គម្របព្រៃ ដើម្បីកាត់ឆ្វៀលដីនិងផ្តល់កម្មសិទ្ធិជូនពួកគាត់ ព្រមទាំងរៀបចំដី១០ភាគរយទៀត សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍

សូមជម្រាបថា យោងតាមមាត្រា៣០នៃច្បាប់ភូមិបាល ចែងថា បុគ្គលទាំងឡាយ ដែលបានអាស្រ័យផល នៃភោគៈដោយសន្តិវិធី និង មិនមានការជំទាស់ចាប់ពីឆ្នាំយ៉ាងតិច មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិ ភោគៈ គឺសំដៅលើទ្រព្យសម្បតិ្តជាដីធ្លី ដែលបុគ្គលណាម្នាក់ កំពុងកាន់កាប់ស្របច្បាប់និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន តែមិនទាន់មានប្លង់រឹង ពីក្រសួងដែនដី

សម្តេចរដ្ឋមន្ត្រី នៅក្រើនរម្លឹកទៀតថា អភិបាលខេត្ត ត្រូវបង្កើនការតាមដាននិងការគ្រប់គ្រងសភាពការណ៍ ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិនិងតំបន់គម្របព្រៃ ដើម្បីទប់ស្កាត់កុំឲ្យមានការរុកទន្ទ្រានកាន់កាប់ដីព្រៃដីរដ្ឋដោយខុសច្បាប់បន្តទៀត សម្តេច សង្កត់ធ្ងន់ជាមួយអភិបាលខេត្តយ៉ាងដូច្នេះថា«​រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មី លើដៃព្រៃដីរដ្ឋដោយខុសច្បាប់ ត្រូវហាមដាច់ខាត ហើយត្រូវប្រើវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យតឹងរឹងនិងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់​»​

ជាមួយគ្នានេះ អភិបាលខេត្ត ត្រូវអប់រំនិងណែនាំប្រជាពលរដ្ឋ ដើម្បីកុំជឿតាមការញុះញង់របស់មេខ្យល់ជនខិលខូច ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ពីបញ្ហាដីធ្លី នេះជាប្រសាសន៍របស់សម្តេចរដ្ឋមន្ត្រីដដែល ហើយសម្តេច ដាក់បញ្ជាថា«​ករណីនេះ ត្រូវមានវិធានការបង្ក្រាបមេខ្យល់និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន​»​ សម្តេចក្រឡាហោម ចេញបញ្ជានេះ គឺជាការបន្ថែមទៅនឹងបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថាដំណាក់កាលនេះ គឺត្រូវវះកាត់រាល់ជនខិលខូច ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ

ដោយឡែកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ដែរថា បើរកឃើញជនខិលខូចទាំងនោះ គឺត្រូវផ្តន្ទាទោស និងឈានដល់ការដកហូតមុខតំណែង ហើយថែមទាំងបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង

គួរបញ្ជាក់ផងដែរថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាចពួកឧកញ៉ា​-​ឯកឧត្តម គឺជាបញ្ហារ៉ាំរ៉ៃនិងស្មុគស្មាញមួយ នៅកម្ពុជាមកដល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋ បន្តទាមទារនិងសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល លើការរំលោភបំពានដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់អ្នកមានលុយ​-​មានអំណាច ខណៈដែលរដ្ឋាភិបាល ក៏ប្រឹងប្រែងដោះស្រាយដែរ តែនៅតែមិនអស់ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print