FIFA បញ្ជាឲ្យក្លឹបអ៊ីរ៉ង់ Persepolis បង់ប្រាក់៥៨០,០០០ដុល្លារដល់អតីតគ្រូបង្វឹក Calderon

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យក្លិបបាល់ទាត់អ៊ីរ៉ង់ឈ្មោះ Persepolis បង់ប្រាក់ចំនួន៥៨០,០០០ ដុល្លារអាមេរិកដល់អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Gabriel Calderon ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្លឹប Persepolis បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Gabriel Calderon កាលពីខែមករាក្រោយដឹកនាំរយៈពេល៦ខែ ប៉ុន្តែបានខកខានមិនបានបើកប្រាក់ឈ្នួលពេញលេញជូនគាត់រហូតមកដល់ពេលនេះ។ ក្លឹបយក្សអ៊ីរ៉ង់មួយនេះមានពេល១០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកីឡារបស់ FIFA។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្លឹប Persepolis ក៏ត្រូវបង់ប្រាក់៩០,០០០ដុល្លារសហរដ្ឋអាមេរិកដល់ជំនួយការរបស់លោក Calderon គឺលោក Joaquin Gil Arrondo និង៧៥,០០០ដុល្លារអាមេរិកដល់លោក Inigo Valencia ផងដែរ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ FIFA បានបញ្ជាឲ្យក្លឹប Persepolis បង់ប្រាក់ជាងមួយលានអឺរ៉ូដល់អតីតគ្រូបង្វឹកលោក Branko Ivankovic ។ ចំណែកប្រាក់២០០,០០០អឺរ៉ូផ្សេងទៀតក៏ត្រូវបង់ឲ្យជំនួយការគ្រូបង្វឹក៣រូបគឺលោក Igor Panadic (គ្រូបង្វឹកអ្នកចាំទី), លោក Zlatko Ivankovic (ជំនួយការ) និង Marco (គ្រូបង្វឹកសម្បទា) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print