ឆ្មាំការពារដែនសមុទ្ររបស់កូរ៉េខាងត្បូងបានប្រកាសថា មនុស្ស៥នាក់បាននិងកំពុងបាត់ខ្លួន ខណៈដែល៥នាក់ផ្សេងទៀតត្រូវសង្គ្រោះបានទាន់ពេលវេលា បន្ទាប់ពីហេតុការណ៍លិចទូកនេសាទរបស់ចិនមួយគ្រឿងស្ថិតនៅឈូងសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។
ស្ត្រីអ្នកនាំពាក្យរបស់កងកម្លាំងទាហានជើងទឹកកូរ៉េខាងត្បូង បានថ្លែងថា កប៉ាល់នេសាទនោះបានក្រឡាប់ ខណៈដែលទូកនេសាទមួយគ្រឿងទៀតកំពុងតែសណ្តោង ក្រោយមានបញ្ហាខាងម៉ាស៊ីន ។
ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមករា ស្ថិតនៅចម្ងាយ៨៥គីឡូមែត្រភាគពាយព្យដែនកោះ Gageo ខេត្ត Shinan ។
ប្រភពបានបន្តថា នាវិក៤នាក់ត្រូវសង្គ្រោះបានភ្លាមៗដោយទូកនេសាទដូចគ្នា ។ ជនរងគ្រោះម្នាក់ផ្សេងទៀតមិនទាន់ដឹងខ្លួន ខណៈដែលជនរងគ្រោះ៥នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន ។
កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងបានបញ្ជូនទូកល្បាត៧គ្រឿង រួមជាមួយនាវាចម្បាំង៤គ្រឿងផងដែរ ដើម្បីស្វែងរកជនរងគ្រោះនៅទីតាំងដែលបាត់ខ្លួននោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត