ខេត្ដត្បូងឃ្មុំ៖ កុមារាអាយុ១១ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ខណៈដែលកុមារារងគ្រោះ ជិះម៉ូតូស្គូពីទៅបុកដើមខ្នុរបង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ៤០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅភូមិឈូក សណ្ដល់ ឃុំ រកាពប្រាំ ស្រុក-ខេត្ដត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា កុមារារងគ្រោះឈ្មោះ ជា គឹមហុង អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើត ហេតុ ។ មុនពេលមានគ្រោះថ្នាក់នេះ កើតឡើងកុមារារងគ្រោះបានជិះម៉ូតូ ស្គូពី ពណ៌ស គ្មានស្លាកលេខ ដោយបាន បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុង ល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវ កោងបត់មិនទាន់ក៏ធ្លាក់ចិញ្ចើមថ្នល់ជ្រុលកាច់ចង្កូតម៉ូតូទៅបុកដើមខ្នុរបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
លោកអធិការបានបញ្ជាក់ថា សព កុមារារងគ្រោះត្រូវបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការបានអំពាវនាវដល់ អាណាព្យាបាលគ្រប់រូបមិនត្រូវបណ្ដោយ ឱ្យកូនៗរបស់ខ្លួនដែលនៅវ័យជាអនីតិ ជនបើកបរម៉ូតូបែបនេះទេ បើអាណា ព្យាបាលស្រលាញ់កូនៗ គឺត្រូវហាម ឃាត់ការប្រើប្រាស់យានជំនិះបែបនេះ ដែលងាយនឹងជួបគ្រោះថ្នាក់ដូចកុមារា ខាងលើ ៕
ដោយ៖ ហេង នរិន្ទ្រ