វាជាការណ៍ពិតណាស់ចំពោះអ្នកដែលមានទម្លាប់ចូលគេងទាំងសក់សើម គឺអាចបង្កផលប៉ះពាល់ច្រើន ជាពិសេសសម្រាប់អ្នកចូលចិត្តងូតទឹកពេលយប់។ ប្រសិនបើយើងមានទម្លាប់គេងទាំងសក់សើម គួរដឹងពីផលប៉ះពាល់ទាំងនេះ៖
១. រលាកស្បែកក្បាល
តើគ្នាយើងធ្លាប់មានបញ្ហារមាស់ និងរលាកស្បែកក្បាលទេ? ភាគច្រើននៅពេលមានបញ្ហានេះយើងបន្ទោសទៅលើសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅនេះក៏អាចបណ្ដាលមកពីទម្លាប់នៃការចូលគេងទាំងសក់សើមផងដែរ។ ជំងឺស្បែកក្បាលដូចជាការឡើងអង្គែ អាចកើតមាននៅពេលយើងគេងលើស្រោមខ្នើយដែលសើម។ នៅពេលយើងគេងទាំងសក់សើម សភាពក្ដៅ និងសំណើមអាចបង្កើនការលូតលាស់នៃបាក់តេរីបាន។
២. ធ្វើឲ្យសក់កណ្តាញ់
សក់សើម គឺមានភាពផុយស្រួយងាយនឹងខូចណាស់។ នៅពេលយើងចូលគេងទាំងសក់សើមនោះ សក់អាចនឹងជំពាក់គ្នាអំឡុងពេលគេង។ នៅពេលព្រឹកឡើង សក់របស់យើងនឹងរញ៉េរញ៉ៃ ហើយពិបាកសិត។
៣. ឈឺក្បាល
ប្រសិនជាយើងចូលគេងទាំងសក់សើម ពេលភ្ញាក់ឡើងយើងអាចនឹងមានអាការឈឺក្បាល។ អ្នកជំនាញថែទាំសក់បានលើកឡើងថា ការគេងទាំងសក់សើមគឺអាចបញ្ចុះសីតុណ្ហភាពក្នុងរាងកាយ ដែលបង្កឲ្យមានអាការឈឺក្បាល ដោយសារតែរាងកាយព្យាយាមដំឡើងសីតុណ្ហភាពក្នុងរាងកាយ។ អ្នកឯកទេសថែទាំសក់ផ្សេងទៀតជឿថា ការចូលគេងដោយរុំសក់នឹងកន្សែង ក៏អាចបង្កការឈឺចាប់ និងរំខានដល់ដំណេកផងដែរ។
៤. សក់រួញ និងខ្វះសំណើម
ការចូលគេងទាំងសក់សើមមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរមែន ប៉ុន្តែអាចប៉ះពាល់ដល់ទម្រង់សក់។ សក់សើមបង្កើតឲ្យមានការកកិតខ្លាំងជាមួយនឹងស្រោមខ្នើយ ដែលធ្វើឲ្យសក់រួញ និងខ្វះសំណើម។ ដូចនេះយកល្អគួរចំណាយពេលជូតសក់ឲ្យស្ងួតមុនចូលគេង ដើម្បីកាត់បន្ថយការចំណាយទៅលើផលិតផលថែទាំសក់សម្រាប់បញ្ហាសក់នេះ។
៥. សក់មិនមានទម្ងន់
សក់ស្តើង គឺមកពីសក់មិនមានទម្ងន់។ ការគេងទាំងសក់សើមគឺអាចធ្វើឲ្យសក់ខូចសម្រាប់ប្រភេទសក់ស្តើង។ ប្រសិនជាយើងទម្លាប់គេងទាំងសក់សើម នោះសក់នឹងមើលទៅកាន់តែស្តើងជាងមុន។
៦. សក់បែកចុង
ទម្លាប់គេងទាំងសក់សើមគឺជាមូលហេតុដែលបង្កឲ្យសក់បែកចុង ព្រោះសក់សើមគឺមានភាពផុយស្រួយ ហើយការរើចុះរើឡើងពេលគេងនេះហើយដែលធ្វើឲ្យសក់បែកចុង។
៧. រលាកស្បែក
ការគេងទាំងសក់សើម មិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាលទេ ប៉ុន្តែនៅប៉ះពាល់ដល់ស្បែកទៀត។ នៅពេលយើងគេងរើចុះរើឡើង សក់អាចមកនៅលើមុខ។ សក់សើម និងសីតុណ្ហភាពនៅក្នុងបន្ទប់គេងជាលក្ខខណ្ឌដ៏ល្អមួយ សម្រាប់ការលូតលាស់នៃបាក់តេរីដែលបង្កការរលាកលើស្បែក៕
ស សម