នាយករដ្ឋមន្ត្រី​អូស្ត្រាលី ប្រកាស​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ ​ចូល​ជាធរ​មាន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជាធរ​មានរយៈពេលជាង ១​សប្តាហ៍ហើយនោះ នាយក​រដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាស​ពី​ការផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង កាលពីថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២០ ។ ក្រៅពី​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុង នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការពន្យារពេល​ទិ​ដ្ឋ​ការ​សម្រាប់​ប្រជាជន​ហុងកុង ដែល​កំពុងស្នាក់នៅ​អូស្ត្រាលី​ផងដែរ​។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា ​លោកនាយក​រដ្ឋមន្ត្រីអូស្ត្រាលី នឹង​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ជាច្រើន​។ ក្រោម​ច្បាប់​នេះ ជនសង្ស័យ​អាច​ត្រូវគេ​បញ្ជូនទៅ​កាត់ទោស​នៅ​ចិនដីគោក​បាន បើ​រង​ការចោទប្រកាន់​ពីបទ​ល្មើស​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ​។ ដោយនៅក្រោម​កិច្ចព្រមព្រៀង​បត្យាប័នប្រទេស​ជា​សមាជិក អាច​បញ្ជូន​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ដោយ​ផ្អែក​ទៅតាម​ការស្នើសុំ​របស់​ប្រទេស​សាមី​។​

ក្រៅពី​លើកឡើង​ពី​បញ្ហា​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង លោក Morrison ក៏បាន​លើកឡើង​ពី​ការផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​ហុងកុងអាច​រស់នៅ​អូស្ត្រាលី​បានជា​អចិន្ត្រៃយ៍​ផងដែរ​។ «​មាន​ប្រជាជន​ហុងកុង​មួយចំនួន អាច​នឹង​ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេង ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មីចាប់យក​ជំនាញ​ផ្ទាល់ខ្លួន និង​បើក​ជំនួញ​»​។ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា អូស្ត្រាលី គឺជា​ប្រទេសមួយដែល​ស្វាគមន៍​ប្រជាជន​មកពី​ជុំវិញ​ពិភពលោក​។​

​ក្នុងការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាជន​ហុងកុង អាច​រស់នៅ​អូស្ត្រាលី​បានជា​អចិន្ត្រៃយ៍​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​ពន្យល់ថា អូស្ត្រាលី នឹង​ជួយ​ពន្យារពេល​ទិដ្ឋាការ​ដល់​សិស្ស និស្សិត​ហុងកុង​ដែល​បញ្ចប់​ការសិក្សា​នៅ​អូស្ត្រាលី ដល់​រយៈពេល​៥​ឆ្នាំ ដើម្បី​ស្នាក់នៅ​អូស្ត្រាលី​បណ្តោះអាសន្ន​សិន​។ បន្ទាប់ពី​រយៈពេល ៥​ឆ្នាំនេះ និស្សិត​អាចដាក់​ពាក្យស្នើសុំ​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​អូស្ត្រាលី​បាន​។ ចំណែក​អ្នកធ្វើការ​នៅ​អូស្ត្រាលី ក៏​អនុវត្តតាម​វិធីសាស្ត្រ​នេះដែរ និង​អាច​រស់នៅ​អូស្ត្រាលី​បានជា​អចិន្ត្រៃយ៍​ដូចគ្នា​។

​ក្នុង​ពេលនេះ ប្រជាជន​ហុងកុង​យ៉ាងហោចណាស់ ១០​ម៉ឺន​នាក់​នៅ​អូស្ត្រាលី កំពុងកាន់​ទិដ្ឋាការ​សិស្ស ឬ​ទិដ្ឋាការ​ធ្វើការ​បណ្តោះអាសន្ន​។ទន្ទឹមនេះ លោក Morrison ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ទីស្នាក់ការ​នៅ​ហុងកុង អាចមក​រកស៊ី​នៅ​អូស្ត្រាលី​ក៏បាន​ដែរហើយ​អូស្ត្រាលី​នឹង​ជួយ​សម្រួល​ពី​បញ្ហា​នេះ ដូចជា​ការលើកទឹកចិត្ត និង​កញ្ចប់​ទិដ្ឋាការ​បុគ្គលិក​ជាដើម​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ខាងលើ ធ្វើឡើង​បន្ទាប់ពី​អូស្ត្រាលី បាន​ព្រមាន​ប្រជាជន​របស់ខ្លួន​នៅ​ហុងកុង ថា​អាច​នឹង​ប្រឈម​គ្រោះថ្នាក់ ដោយសារ​ការឃុំខ្លួន​មិនដឹង​ពី​មូលហេតុ​ត្រឹមត្រូវ​។​

​ចំណែក​នូ​វែ​ល​សេ​ឡង់ ដែលជា​ប្រទេសជិតខាង​អូស្ត្រាលី ក៏​កំពុង​ពិនិត្យមើល​ពី​ទំនាក់ទំនង​ជាមួយ​ហុងកុង​ឡើងវិញ​ផងដែរ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជា​ធរមាន​។ ការ​ពិនិត្យមើល​ទាំងនោះ​រួមមាន កិច្ចព្រមព្រៀង​បត្យាប័ន ការនាំចេញ​ទំនិញ​យុទ្ធសាស្ត្រ​មក​ហុងកុងនិង​ការណែនាំ​ក្នុងការ​ធ្វើដំណើរ​មក​ហុងកុង​ជាដើម​។

​សូមបញ្ជាក់ថា ទំនង​ទំនង​រវាង​ចិន និង​អូស្ត្រាលី ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក៏បាន​ស្ថានភាព​ល្អក់កករ​ដែរ បន្ទាប់ពី​អូស្ត្រាលី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ប្រភពដើម នៃ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​ចិន​។ ក្រៅពីនេះ ទីក្រុង​ប៉េកាំង និង​ទីក្រុង​កង់​បេ​រ៉ា ក៏បាន​បញ្ហា​ពាណិជ្ជកម្មបញ្ហា​បច្ចេកវិទ្យា​អ៊ីនធឺណិត និង​បញ្ហា​សន្តិសុខ​ជាដើម​ ។

គួរបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​។ អាមេរិក អង់គ្លេស តៃវ៉ាន់​ជាដើម សុទ្ធ​តែមាន​វិធានការ​ផ្ទាល់ខ្លួន​ទាក់ទិន​នឹង​ច្បាប់​ថ្មី​នេះ​។ ចំណែក​អូស្ត្រាលី ក៏​បានចេញ​ចំណាត់ការ​ផ្ទាល់ខ្លួន​ដែរ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ បាន​ចូល​ជាធរ​មានបាន​ជាង ១​សប្តាហ៍​ ៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print