អន្តរជាតិ៖ ប្រមុខទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong និយាយថា កងទ័ពថៃនិងអាមេរិក គ្រាន់តែបានរៀបចំសមយុទ្ធយោធារួមគ្នាមួយ ដែលមានឈ្មោះថា «ពស់វែកមាស» ប៉ុណ្ណោះ ហើយសមយុទ្ធនេះ ជាលំហាត់ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងដៃគូ។ប្រមុខទ័ពជើងគោកថៃរូបនេះ សង្កត់ធ្ងន់ថា លោកបានបដិសេធពាក្យចចាមអារ៉ាមថា សហរដ្ឋអាមេរិកកំពុងរកសាងសង់មូលដ្ឋានទ័ពលើទឹកដីថៃ។ ដោយបានស្នើកុំបំប៉ោងបញ្ហាបែបនេះដែលអាចបង្កទៅជាជម្លោះក្នុងតំបន់។
យោងតាមកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី៩ ខែកក្កដាម្សិលមិញនេះ ឆ្លើយតបនឹងសំនួររបស់អ្នកព័ត៌មានក្នុងសន្និសីទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានទ័ពអាមេរិក លោក Apirat អះអាងថា សហរដ្ឋអាមេរិកពុំបានសុំប្រើប្រទេសថៃជាកន្លែងកសាងមូលដ្ឋានទ័ពពួកគេឡើយ។យ៉ាងណាមិញ ឧត្តមសេនីយ៍រូបនេះ បន្តថា កងទ័ពអាមេរិកបានបន្សល់ទុកសម្ភារយោធាពួកគេខ្លះ ដែលប្រើប្រាស់អំឡុងការធ្វើសមយុទ្ធក្នុងប្រទេសថៃ។
ទាក់ទងការប្រើប្រាស់មូលដ្ឋានយោធា កន្លងទៅ ថៃបានចុះហត្ថលេខាជាមួយសិង្ហបុរី ដោយអនុញ្ញាតឲ្យបុរីរដ្ឋសិង្ហបុរីប្រើប្រាស់តំបន់យោធាក្នុងខេត្ត Kanchanaburi ដើម្បីរៀបចំការហ្វឹកហាត់យោធា។ កិច្ចព្រមព្រៀងនេះ ត្រូវធ្វើឡើងជាថ្មីរៀងរាល់៣ឆ្នាំម្ដង។
គួរបញ្ជាក់ថា ថៃ គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី។ ចាប់តាំងពីចប់សង្គ្រាមលើកលើកទី២មក ក្រុងវ៉ាស៊ីនតោននិងក្រុងបាងកក បានពង្រីកទំនាក់ទំនងទាំងផ្នែកសន្តិសុខ ការទូត និងពាណិជ្ជកម្ម។ សមយុទ្ធ «ពស់វែកមាស» ដែលជាសមយុទ្ធយោធាពហុជាតិសាសន៍ប្រចាំឆ្នាំធំបំផុតរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តែងរៀបចំឡើងលើទឹកដីថៃ ហើយវាបង្ហាញពីទំនាក់ទំនងល្អរវាងថៃ និងអាមេរិក។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៥០ ថៃ បានទទួលសម្ភារយោធាអាមេរិក ការហ្វឹកហាត់ និងជំនួយបច្ចេកទេសផ្នែកសាងសង់ជាដើម។ អ្នកស្ម័គ្រចិត្តសន្តិភាពអាមេរិក (U.S. Peace Corps Volunteers) ដែលមានវត្តមានក្នុងប្រទេសថៃតាំងពីឆ្នាំ១៩៦៣ ផ្ដោតលើការអប់រំ ការអភិវឌ្ឍយុវជន និងការចូលរួមពីប្រជាជនជាដើម៕ដោយ៖ស តារា