អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ស្នើ​ឲ្យ​វៀតណាម បើកទូលាយ​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយមានករណី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ បន្ទាប់ពី​រូបគេ​បង្ហាញ​គំនិត​គាំទ្រ​ប្រជាធិបតេយ្យ​នោះ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន​ទៅលើ​ករណី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និងស្នើ​ឲ្យ​វៀតណាម បើកទូលាយ​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយថា អាមេរិក​មាន​ក្ដីបារម្ភ​ជ្រាលជ្រៅ​ចំពោះ​ព័ត៌មាន​ទាក់ទង​សកម្មជន Nguyen Quoc Duc Vuong ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ​។ ​​ដោយសហរដ្ឋអាមេរិក​វិញ មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​វៀតណាម​ដែល​ត្រូវបាន​មើលឃើញថា ជាការ​បំបិទ​សេរីភាព​បញ្ចេញមតិ​។

បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា លោក Nguyen Quoc Duc Vuong ជាអ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ពន្ធនាគារ​ដល់​ទៅ​៨​ឆ្នាំ​នៅ​ថ្ងៃទី​៧ ខែកក្កដា ដោយ​តុលាការ​វៀតណាម​ដែល​ចោទ​រូបគេ​ថា មាក់ងាយ​មេដឹកនាំ​ប្រទេស​។ ដោយសំណុំរឿង​របស់ លោកNguyen Quoc Duc Vuong ធ្វើឡើង​យ៉ាង​លឿន​។

ដោយឡែកអង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស (HRW) លើកឡើងថា បុរស​ម្នាក់នេះ តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បញ្ចេញយោបល់​គាំទ្រ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​វៀតណាម ដែល​សព្វថ្ងៃ​ស្ថិតក្រោម​ការគ្រប់គ្រង​បែប​កុម្មុយនីស្ត​។ ដោយរូបគេ ក៏បាន​ចែករំលែក​ព័ត៌មាន​ពី​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​ នាពេល​កន្លងមក​ដែរ​។

«​ការផ្តន្ទាទោស​យូរ​បែបនេះ ជា​តួលេខ​មួយទៀត​នៃ​ការចាប់ខ្លួន និង​ការកាត់ទោស​អ្នកសារព័ត៌មាន និង​សកម្មជន​ក្នុង​គោលដៅ​ទាត់ចោល​សេរីភាព​បញ្ចេញមតិ​នៅ​វៀតណាម​។​» នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​ដែល​ផ្សាយ​ដោយ AFP ដែល​បន្តថា អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ធានាថា សកម្មភាព និង​ច្បាប់​របស់ខ្លួន​រាប់ទាំង​ក្រមព្រហ្មទណ្ឌ​ផង​នោះ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​ចែង​ពី​សិទ្ធមនុស្សក៏ដូចជា​ការប្ដេជ្ញាចិត្ត និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​វៀតណាម​ផងដែរ​។​

គួរបញ្ជាក់ថា លោកNguyen Quoc Duc Vuong ជា​សកម្មជន​ចុងក្រោយ​គេ​មួយ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស ខណៈដែល​វៀតណាម​កំពុង​ត្រៀម​រៀបចំ​សមាជ​បក្ស​ដែល​ធ្វើ​រៀងរាល់​៥​ឆ្នាំ​ម្ដង នៅ​ខែមករា ឆ្នាំ​២០២១ ។ គេ​រំពឹងថា អ្នកប្រឆាំង​របប​ដឹកនាំ​ហាណូយ​មួយចំនួនទៀត​ដែល​បន្ត អាច​ត្រូវបាន​កាត់ទោស ឬ​ចាប់ខ្លួន​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print