ក្នុងចំណោមនាយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកផ្កាយ១ ឈុន ឆុន មានចំណារនិងបេសកម្មប្លែកពីគេ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិច៥ឆ្នាំកន្លងផុតទៅ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យដកខ្លួនពីតាមបណ្តាខេត្ត ដែលប្រចាំការ មកកាន់អង្គភាពវិញ គឺមកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្នុងនោះនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន ពីមុនជានាយសេនាធិការ អគ្គស្នងការនគរបាលជាតិ បានយកបទបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការ តម្រូវអោយនាយនគរបាលទាំងអស់ត្រូវវិញត្រឡប់មកកាន់អង្គភាព ហើយក្នុងករណីរឹងរូស មិនបានអនុវត្តតាមបទបញ្ជា គឺឱ្យកម្លាំងស្នងការតាមបណ្តាខេត្តចាត់វិធានការ ឃាត់បញ្ជូនមកអង្គភាពផងដែរ។
តាំងពីពេលនោះមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ឈប់ការចេញលិខិតបេសកម្មជូន លើកលែងតែលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានលិខិតបេសកម្មក្នុងរយៈពេល៣ខែម្តង ។ ទោះជានាយនគរបាលទាំងអស់មិនត្រូវបានចេញលិខិតបេសកម្មក៏ដោយ តែមានលក្ខណះពិសេសទៅវិញសម្រាប់ លោកឧត្តមសេនីយ៍ត្រី ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានលិខិតបេសកម្មពិសេសក្លាយជាប្រធានក្រុមប្រតិបត្តិការប្រចាំខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងជាង១០នាក់ តាមរយៈការស្នើសុំពីគណៈបញ្ជាការឯកភាពខេត្ត សុំមកក្រសួងមហាផ្ទៃត្រូវការលោក ឈុន ឆុន សហការស្រាវជ្រាវបង្ក្រាប ទប់ស្កាត់ ការរត់ពន្ធ បទល្មើសសេដ្ឋកិច្ច។
តាមរយៈការអនុវត្តតួនាទី ភារកិច្ចក្រោមការដឹកនាំពីលោកផ្កាយ១ ឈុន ឆុន ឈជើងនៅខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំងពីក្រុមហ៊ុនដឹកជញ្ជូន អាជីវករ ខណៈគាត់ដាក់កម្លាំងកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះលោកផ្កាយ១ ឈុន ឆុន បានបញ្ជាឱ្យកូនចៅដែលដាក់ប៉ុស្តិ៍(មានតុកៅអី) នៅចំណុចភូមិ រំលោង សង្កាត់ សុពណ៍ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទល់មុខ សាលាគរុកោសល្យខេត្តកំពង់ស្ពឺ បានឃាត់ឡានដឹកទំនិញ ដោយចោទថា គ្មានពន្ធនាំចូល ប៉ុន្តែឡានគេដឹកទំនិញស្របច្បាប់ មានពន្ធត្រឹមត្រូវ ក៏មិនព្រមឱ្យចេញដំណើរ ឃាត់ទុក រួចខ្លួនចូលទៅផឹកសុីសប្បាយក្នុងហាង ធ្វើអោយអាជីវករ ឈឺចាប់ចំពោះនាយនគរបាលរូបនេះ អនុវត្តផ្ទុយពីតួនាទីភារកិច្ច ។
ក្រុមអ្នកដឺកទំនិញបានលើកឡើងថា លោកផ្កាយ១ ឈុន ឆុន បានសំណូមពរឱ្យទៅខាងស្នងការនគរបាលខេត្តកំពង់ស្ពឺ យករថយន្តដឹកទំនិញនោះ ទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាន តែខាងនគរបាលខេត្តកំពង់ស្ពឺយល់ឃើញថា គេដឹកទំនិញស្របច្បាប់ ក៏មិនព្រមធ្វើតាម លោកផ្កាយ១ ឈុន ឆុន។
ក្រុមហ៊ុនដឹកជញ្ជូនបានបញ្ជាក់ថា៖ ការដឹកជញ្ជូនរបស់គាត់មានច្បាប់ ប៉ុន្តែលោកផ្កាយ១ ឈុន ឆុន ទាមទាររកអាជ្ញាបណ្ណនាំទំនិញចូល បង្កាន់ដៃពន្ធច្បាប់ដើម មិនយកឯកសារ Copy ។ ខាងក្រុមហ៊ុនបន្តថា៖ បង្ហាញឯកសារអស់ហើយនៅតែមិនអនុញ្ញាតឱ្យទៅ ម្យ៉ាងទៀតបង្កាន់ដៃបង់ពន្ធចេញដោយគយមាត់ច្រក គាត់មិនស្គាល់ផង បែជាចោទថាដឹកទំនិញគេចពន្ធ។ ក្នុងបង្កាន់ដៃបង់ពន្ធ បានបញ្ជាក់យ៉ាងច្បាស់ពីគយមាត់ច្រកចេញបង្កាន់ដៃបង់ពន្ធ នូវទំនិញប្រភេទរួមមាន៖ ១-ម្សៅទុយោ(PVC) ២-ភេសជ្ជៈគោគល់ ៣-ត្រង់ហ្វូរ ។ ទីបំផុតលោកផ្កាយ១ ឈុន ឆុន បន្តកាក់ឡានតាំងពីម៉ោងជិត១០យប់ថ្ងៃទី៦ ខែកក្កដា រហូតដល់ម៉ោង៣ទាបភ្លឺថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យបើកចេញ។
ពាក់ព័ន្ធករណីនេះ លោកផ្កាយ១ ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យអង្គភាព«នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែកក្កដា និងតាមប្រព័ន្ធ Telegram កន្លងទៅថា៖ លោកមិនបានដាក់ប៉ុស្តិ កុងត្រូល បារ៉ាសនោះឡើយ ។ ការឃាត់រថយន្តខាងលើដោយសារស្រាវជ្រាវមានតម្រុយថា មានដឹកទំនិញប្រភេទ ត្រង់ហ្វូរអត់បង់ពន្ធ១តំលៃរាប់មុឺនដុល្លារ ហើយលោកមានបេសកម្មត្រឹមត្រូវ តាមដានធ្វើកិច្ចការនេះជិត១ឆ្នាំបានសម្រេចឃាត់ឆែកឆេរ។ ផ្ទុយទៅវិញក្រុមហ៊ុនហ៊ុនដឹកជញ្ជូនបានបញ្ជាក់ និងបង្ហាញពីបង្កាន់ដៃបង់ពន្ធត្រឹមត្រូវ ដែលចេញដោយគយមាត់ច្រក និងបង់ពន្ធ (FORM D) ហើយខ្លួនជាសមត្ថកិច្ចមិនស្គាល់ថា លិខិតនេះជាឯកសារប្រតិវេទន៍គយផង។
បន្ទាប់ពីឃាត់រថយន្ត លោក ឈុន ឆុន បានបញ្ជាឱ្យខាងក្រុមហ៊ុនដឹកជញ្ជូន ទៅប្រាប់គយមាត់ច្រកអោយយកឯកសារដោយផ្ទាល់មកជួបគាត់ថែមទៀតផង។

លោកផ្កាយ១ ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការដឹកនាំកម្លាំងចុះមកបេសម្មនេះ គឺលោកបានយកឯកសារទៅតម្កល់នៅ ស្នងការ ព្រះរាជអាជ្ញា សាលាខេត្ត ព្រមទាំងតាមអធិការដ្ឋានក្រុង-ស្រុក ទាំងអស់ និងនៅនាយកដ្ឋាន។ ក្នុងនោះលោកអនុវតាម លិខិតបញ្ជា ស្តីពីវិធានការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ របស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៤ និងសេចក្តីជូនដំណឹងស្តីពីការ ពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ស្តីពី ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។ លោកបន្តថា មិនមែនលោកដាក់ប៉ុស្តិ ហើយឃាត់ឡានរួចទៅផឹកសុីទេ ការពិតគ្រាន់តែរៀបតុកៅអីអោយមន្ត្រីអង្គុយធ្វើការ ពិនិត្យមើលឯកសារ ដោយឡែកលោកក៏ទៅអង្គុយក្នុងហាង ដោយសារឈ២ម៉ោងចុកជើង រកកន្លែងសម្រាកអង្គុយប៉ុណ្ណោះ។
ប្រភពខ្លះបង្ហើបថា៖ លោកផ្កាយ១ ឈុន ឆុន មានលិខិតបេសកម្មក៏ពិតមែន តែកូនចៅគាត់ជាង១០នាក់នោះ គ្មានលិខិតបេសកម្ម ឬទទួលស្គាល់ពីអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឡើយ។ ក្នុងករណីនេះអង្គភាព «នគរដ្រេហ្គន»មិនអាចសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ដោយទូរស័ព្ទចូល ជំនួយការបញ្ជាក់ថាគាត់កំពុងជាប់រវល់ និងមិនហ៊ានធ្វើការបកស្រាយអ្វីឡើយ។
នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងតាមទូរស័ព្ទថា៖ ចំពោះនគរបាល នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យត្រឡប់មកចូលកន្លែង៥ឆ្នាំហើយ ចៀសវាងការថ្នាំងថ្នាក់ណាមួយពីប្រជាពលរដ្ឋ ។ ចំពោះករណីលោក ឈុន ឆុន វិញលោកបានឆែកទៅខាងនាយកដ្ឋានហើយ ដោយសារមានបញ្ជាបេសកម្មត្រឹមត្រូវ តែលោកកែសម្រួលឡើងវិញ ទោះមានបញ្ជាបេសកម្មក៏ដោយ ក៏មិនមានដាក់ប៉ុស្តិឱ្យត្រួតពិនិត្យចឹងដែរ។
សូមបញ្ជាក់ថា៖ ប្រសិនបើលោក ឈុន ឆុន ដាក់ប៉ុស្តិដូចក្នុងរូបភាព និងតាមអះអាងពីអាជីវករ ក្រុមហ៊ុនដឹកជញ្ជូន ដូចយប់ថ្ងៃទី៦ ខែកក្កដា កន្លងទៅ ឃាត់ឡានបន្តកន្ទុយដល់ទៅ៣គ្រឿង មានឡានសុីម៉ង់ដ៏ ឡានដឹកកំណាត់ និងឡានដឹកទំនិញ ១-ម្សៅទុយោ(PVC) ២-ភេសជ្ជៈគោគល់ ៣-ត្រង់ហ្វូរ នោះជាការខុសឆ្គង ខណៈការដឹកជញ្ជូនមានច្បាប់។ ម្យ៉ាងទៀតបើជាទំនិញនោះ គេចពន្ធក៏ត្រូវសហការជាមួយជំនាញ គយនិងរដ្ឋារ តំណាងអយ្យការ ប៉ុន្តែខាងគយបានផ្ញើបង្កាន់ដៃបង់ពន្ធឱ្យម្ចាស់ទំនិញយកទៅបង្ហាញលោកផ្កាយ១ ឈុន ឆុន ហើយ បែជាគាត់បញ្ជានិងតម្រូវអោយហៅគយមាត់ច្រកយកឯកសារប្រតិវេទន៍មកឱ្យគាត់ដោយផ្ទាល់ សុទ្ធតែជាវប្បធម៌ធ្វើការតាមទម្លាប់ កំហឹង គុំគួនតែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងពីក្រុមហ៊ុនដឹកជញ្ជូន។ បច្ចុប្បន្នទីតាំងខាងលើនោះបានដកវិញហើយ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print