ភ្នំពេញ៖ នៅរសៀលថ្ងៃ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រីលីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីដែលបានអនុញ្ញាត និងឆ្លៀតឱកាសចំណាយពេលវេលាមានតម្លៃ ជួបសំណេះសំណាលការងារជាមួយលោកស្រី ហើយលោកស្រីមានសេចក្ដី សោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញបេសកកម្មការទូតលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងអាណត្តិបេសកកម្មនេះ លោកស្រីរំពឹងថានឹងអាចសម្រេចបានលទ្ធផលជាច្រើនលើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យកសិកម្ម និងអប់រំ។ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសគុយបា នាពេលកន្លងមក ជាពិសេសការផ្ដល់អាហារូបករណ៍សិក្សានៅប្រទេសគុយបា និងជំនួយផ្សេងៗទៀតលើវិស័យកសិកម្ម។ លោករដ្ឋមន្ត្រីសង្ឃឹមថា នៅក្នុងអាណត្តិរបស់លោកស្រី កម្ពុជា-គុយបា នឹងអាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) លើវិស័យកសិកម្ម និងវេជ្ជសាស្ត្រ។ លោករដ្ឋមន្ត្រីស្នើឱ្យមានជំនួយលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងផលិតភាពកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដុះ (ពិសេសដំណាំស្ករអំពៅ)។ បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងជំរុញការដាំដុះ Soft wood ដូចជាដើមអាកាស្យា និងម៉ៃសាក់ ជាដើម ហើយកំពុងពិនិត្យលទ្ធភាពលើការជំរុញការដាំដុះផ្លែលម៉ើ (Dates) ផងដែរ។ លោករដ្ឋមន្ត្រី គ្រោងនឹងរៀបចំឱ្យមានការជួបជុំមួយ ដោយមានការចូលរួមពីស្ថានទូតទាំងអស់នៅកម្ពុជា និងវិស័យឯកជន (ផ្នែកកសិកម្ម) ដើម្បីជំរុញភាពជាដៃគូបន្ថែមទៀត ៕
ដោយ៖ ស សម