ការប្រកួតបាល់ទាត់លីគកំពូលអាមេរិក (MLS) បានប្រកាសថា ក្លឹប Nashville SC ត្រូវបានដកខ្លួនចេញពីការប្រកួតលីកកំពូលមួយនេះហើយ បន្ទាប់ពីក្លឹបនេះត្រូវបានរងការវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩។
ស្ថាប័នលីគកំពូលអាមេរិកបានបញ្ជាក់ថា ចាប់តាំងពីការប្រកួតត្រូវចាប់ផ្តើមឡើងវិញ និងលេងដោយគ្មានអ្នកគាំទ្រនោះ កីឡាករចំនួន៩ នាក់របស់ក្លឹប Nashville SC បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើឲ្យក្លឹបមួយនេះផ្អាកការចូលរួមប្រកួតតែម្តង។
ស្ថាប័នលីកកំពូលអាមេរិកបានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់សុខភាពរបស់កីឡាករ និងបុគ្គលិកទាំងអស់ដែលចូលរួមក្នុងការប្រកួតនេះនិងស្របតាមពិធីសារដែលត្រូវបានបង្កើតឡើងដោយមានសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលក្នុងតំបន់ និងថ្នាក់ជាតិ ព្រមទាំងអ្នកជំនាញជំងឺឆ្លងរបស់អាមរិក។
មន្ត្រីជាន់ខ្ពស់ស្ថាប័ន MLS លោក Don Garber បាននិយាយថា ក្លឹប Nashville SC បានដកខ្លួនចេញពីការប្រកួតដណ្តើមពានរង្វាន់ MLS សម្រាប់រដូវកាលនេះ ដោយសារតែចំនួននៃការធ្វើតេស្តវិជ្ជមានទៅលើកីឡាកររបស់ក្លឹបនេះមិនអាចហ្វឹកហាត់បាន ហើយមិនអាចលេងបានដោយសារកីឡាករមួយចំនួនធំខ្លាចឆ្លងជំងឺកូវីដ-១៩។
លោក Don Garber បានបន្តថា រាល់ការសម្រេចចិត្តដែលយើងធ្វើសម្រាប់ការប្រកួតត្រលប់មកវិញនេះគឺសុខុមាលភាពរបស់កីឡាករ បុគ្គលិក មន្រ្តី និងអ្នកចូលរួមទាំងអស់ដែលជាអាទិភាពចម្បងរបស់លីក MLS ។
សូមបញ្ជាក់ថា ក្រៅពីក្លឹប Nashville SC ត្រូវបានដកខ្លួនចេញរដូវកាលនេះ ក្លឹប Dallas ក៏ត្រូវបានគេរាយការណ៍ថា បានដកខ្លួនចេញកាលពីដើមសប្តាហ៍នេះដែរ បន្ទាប់ពីកីឡាករជាច្រើនបានធ្វើតេស្ត៍វិជ្ជមានចំពោះជំងឺកូវីដ-១៩។ ការប្រកួតដណ្តើមពានរង្វាន់លីកកំពូលអាមេរិក MLS បានវិលត្រឡប់មកវិញបន្ទាប់ពីផ្អាកតាំងពីដើមខែមីនា ដែលចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ដើម្បីបញ្ចប់រដូវកាល ៕