លោក នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មានមកពី ១៧ អង្គភាពធ្វើដំណើរទៅកាន់ព្រៃឈើតំបន់ជួរភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មានមកពី ១៧ អង្គភាពធ្វើដំណើរទៅកាន់ព្រៃឈើតំបន់ជួរភ្នំក្រវាញ ដើម្បីទៅទស្សនាកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ជាគម្រោងដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញដែលមានទំហំ ១.៤ លានហិចតា និងដើម្បីលើកកំពស់ជីវរស់នៅរបស់សហគមន៍។ ដំណើរទស្សនកិច្ចនេះសហការរៀបចំដោយក្រសួងបិស្ថាននិងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកយកព័ត៌មានត្រូវបានអញ្ជើញឲ្យទៅពិនិត្យមើលសមិទ្ធិផលដែលកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសម្រេចបាន ដើម្បីបានយល់កាន់តែច្បាស់អំពីការប្រឈម ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃរួមនឹងស្ថាប័នពាក់ព័ន្ធនៅទីវាលកំពុងប្រឈមក្នុងពេលចុះបំពេញកាតព្វកិច្ចរបស់ខ្លួន។

គ្រាន់តែក្នុងរយៈពេល ១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញបានចុះល្បាតចំនួន ៦ ៥៤៥ លើក ដោយល្បាតបានចំងាយ ២៤៥ ០០០ គម ។ ការខិតខំធ្វើការរបស់មន្ត្រីបានផ្ដល់នូវលទ្ធផលដោយបានដោះអន្ទាក់បានចំនួន ៣២ ៣២២ អន្ទាក់ រឹបអូសរណាយន្ដបាន ១ ៩៥៤ គ្រឿង រឹបអូសឈើខុសច្បាប់បានចំនួន ២ ១៧៨ ម៣ ចាប់បញ្ជូនជនសង្ស័យទៅតុលាការបាន ៨៧ នាក់ ចាប់ឃាត់មធ្យោបាយដឹកជញ្ជូនបាន ១ ០១៩ គ្រឿង និងបានទប់ស្កាត់ការរុកទានទន្ទ្រានយកដីរដ្ឋបានចំនួន ១៧២ ករណី ។

ក្នុងដំណើរទស្សនកិច្ចនេះ អ្នកចូលរួមក៏បានទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាតដែលជាគម្រោងជ័យលាភីអន្ដរជាតិ និងបានចាប់បើកទ្វារក្នុងឆ្នាំ ២០០៨ ។
មុនពេលចាប់ផ្ដើមបើកទ្វារ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាទីកន្លែងនៃការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ដើម្បីទ្រទ្រង់ជីវភាពរស់នៅ ដែលព្រៃឈើនិងសត្វព្រៃត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញ ។ អាស្រ័យដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហគមន៍ជីផាតបានអភិវឌ្ឍជីវភាពរស់នៅរបស់ខ្លួនប្រកបដោយនិរន្ដភាព ដែលអាចឲ្យសហគមន៍នេះបានរំដោះខ្លួនឆ្ងាយចេញពីការកាប់បំផ្លាញព្រៃឈើដើម្បីធ្វើកសិកម្មពនេចរ និងការបរបាញ់សត្វព្រៃ ហើយឥឡូវនេះបានងាកមកពឹងផ្អែកលើអេកូទេសចរណ៍ជាប្រភពចំណូលរបស់ខ្លួនវិញ ។

ការការពារព្រៃឈើបានក្លាយជាមានសារៈសំខាន់ជាអាយុជីវិតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជីផាត ដោយសារតែភ្ញៀវទេសចរអន្ដរជាតិពីគ្រប់ទិសទីនៅជុំវិញពិភពលោកបានមកទស្សនាសត្វព្រៃដែលជាប្រភេទកំពុងរងគ្រោះស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចំនួន៥៥ ប្រភេទ ដោយចំនួនភ្ញៀវមានរហូតដល់ ៣ ០០០ នាក់ គឺគិតតែក្នុងឆ្នាំ ២០១៩ ។

ដំណើរទស្សនកិច្ចនេះក៏បានឆៀងចូលទៅទស្សនាភូមិសុវណ្ណាបៃតងដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយអភិវឌ្ឍប្រកបដោយនិរន្ដភាពនូវជីវភាពកសិករដែលក្រីក្របំផុត និងអត់មានដី នៅក្នុងព្រៃឈើតំបន់ជួរភ្នំក្រវាញអស់រយៈពេលជាង ១៧ ឆ្នាំ ។ គម្រោងបានផ្ដោតជាសំខាន់ទៅការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន ២២០ គ្រួសារដែលពីមុនមកធ្លាប់បានបំផ្លិចបំផ្លាញព្រៃឈើដោយការកាប់ព្រៃធ្វើចំការពនេចរ និងបរបាញ់សត្វព្រៃ ។ អាស្រ័យដោយសារគម្រោងនេះ ទើបដីព្រៃរងទឹកភ្លៀងទំហំ ៥ ៦១០ ហិចតាត្រូវបានសង្គ្រោះ ពីការកាប់ដុតព្រៃនៅចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០២០ នេះ ។

ដោយមានជំនួយបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ប្រជាពលរដ្ឋក្នុងភូមិនេះបានទទួលចំណេះផ្នែកគ្រប់គ្រងប្រាក់កាក់ ជំនាញកសិកម្មបែបទំនើប ក៏ដូចជាបានបង្កើត និងគ្រប់គ្រងសមាមគមន៍កសិកម្មសហគមន៍ និងឃ្លាំងលក់សម្ភារកសិកម្ម ដែលគ្រប់គ្រងមើលពីលើផលិតកម្មកសិកម្ម ផ្សព្វផ្សាយលក់ផលិតផលនៅទីផ្សារ ការថែទាំសុខភាព ការអប់រំ ការអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធឥណទានខ្នាតតូច៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print