អាមេរិក បើកភ្លើង​ខៀវ លក់គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល មក​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៦២០​លាន​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា រដ្ឋាភិបាលអាមេរិកផ្តល់​ភ្លើង​ខៀវ​ក្នុង​ការលក់​ជា​កញ្ចប់​នៃ​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល មក​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៦២០​លាន​ដុល្លារ​។ ការលក់​គ្រឿង​បង្គុំ​ឲ្យ​តៃវ៉ាន់ នេះ​ធ្វើឡើង​ដើម្បី​ធ្វើ​ទំនើបកម្ម​ខែល​មី​ស៊ី​ល Patriot ឲ្យ​មាន​អាយុកាល​យូរ​ជាង​មុន​។

​ក្រសួងការបរទេស​អាមេរិក បានបញ្ជាក់​ថា ​តៃវ៉ាន់ បានស្នើ​មក​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​គ្រឿង​បង្គុំ ដើម្បី​អភិវឌ្ឍ​ខែល​ការពារ Patriot របស់ខ្លួន​។ការធ្វើ​ទំនើប​កម្មនេះ គឺ​ដើម្បី​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​បាន​រយៈពេល ៣០​ឆ្នាំ​ទៀត​។ ដោយក្រុមហ៊ុន​ផលិត​អាវុធLockheed Martin ជា​ភាគី​ផ្គត់ផ្គង់​គ្រឿង​បង្គុំ​របស់​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៦២០​លាន​ដុល្លារ​។

ដោយឡែក​ក្រសួងការពារជាតិ​តៃវ៉ាន់ បានលើកឡើង​ថា នេះ​គឺជា​ការលក់​អាវុធ​លើក​ទី​៧ របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំមក​ឲ្យ​តៃវ៉ាន់​។ វា​គឺ​រឿង​សំខាន់ ដើម្បី​ដំឡើង​គ្រឿង​បង្គុំ​ទាំងនេះ ទៅជា​ប្រព័ន្ធ​សន្តិសុខ​ការពារជាតិ​។ ព្រោះ គ្រឿង​បង្គុំ​ទាំងនេះ គឺ​សំខាន់​ណាស់ ហើយ​សង្ឃឹមថា ការលក់​មួយ​នេះ នឹងមាន​សុពលភាព​នៅ​ខែក្រោយ​។ លើសពីនេះ ក្រសួងការពារជាតិ​តៃវ៉ាន់ ​ក៏បាន​លើកឡើង​ពី​តួនាទី ​ដ៏​ចម្បង​របស់​អាមេរិក ក្នុង​ការពារ​សន្តិសុខ ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅក្នុង​តំបន់​ជារួម​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​តៃវ៉ាន់ តែង​ធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​ជានិច្ច ខណៈ​ប្រឈមមុខ​នឹង​ការ​គំរាម​របស់​ចិន ហើយ​អាមេរិក គឺជា​ដៃគូ​លក់​អាវុធ​ដ៏​សំខាន់​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី ប្រធានាធិបតី​Tsai Ing-wen តៃវ៉ាន់​តែងតែ​បង្ហាញ​ពី​សញ្ញា​ចង់​ប្រកាស​ឯករាជ្យ​។ ដោយសារ​បញ្ហា​នេះ ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា លទ្ធភាព​ចុងក្រោយ គឺ​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​វាយ​សង្គ្រប់​យក​កោះ​តៃវ៉ាន់ ប្រសិនបើ​ហ៊ាន​ប្រកាស​ឯករាជ្យ​ ។

​គួរបញ្ជាក់ថា មួយរយៈពេល​ចុងក្រោយ​នេះ អាមេរិក បាន​ឯកភាព​លក់​សម្ភារ​យោធា​ឲ្យ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។ នៅក្នុង​ខែឧសភា អាមេរិក បានផ្តល់​ភ្លើង​ខៀវ លក់​មី​ស៊ី​ល​បំពាក់​លើ​នាវា Torpedo ចំនួន​១៨​ដើម​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងតម្លៃ​១៨០​លាន​ដុល្លារ ​។ នៅពេលនេះ អាមេរិក​បាន​យល់ព្រម​លក់​គ្រឿង​បង្គុំ​នៃ​ខែល​ការពារ​មី​ស៊ី​ល​Patriot ឲ្យ​តៃវ៉ាន់​ថែមទៀត​។ ខែល​ការពារ​មី​ស៊ី​ល Patriot នេះ គឺ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​លើដី​ទៅ​អាកាស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print