ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនហ្គោលលក្ខណៈមិត្តភាព ជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈ ស្ថិតនៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ការប្រកួតវាយកូនហ្គោលមិត្តភាពរវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាពេលនេះមានការចូលរួម ពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខា និងអគ្គនាយក នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពលើវាលស្មៅដ៏ខៀវខ្ចីនេះ ក៏ដើម្បីពង្រឹងចំណងមេត្រីភាព និងទំនាក់ទំនងល្អបន្ថែមទៀត រវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រួមទាំងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទតជប៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន បានអញ្ជើញពិសារអាហាររួមគ្នា និងបានឆ្លៀតពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្នុងបរិយាកាសប្រកបដោយភាពជិតស្និត និងមនោសញ្ចេទនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំបំផុត។
កីឡាវាយកូនហ្គោល ស្ថិតនៅក្នុងចំណោមប្រភេទកីឡា ដែលសម្ដេចក្រឡាហោម ស ខេង មានចំណូលចិត្តលេងដើម្បីសុខភាព និងមិត្តភាព។ ឆ្លៀតពេលពីការបំពេញការបំរើជាតិ និងប្រជាជន យូរៗម្ដង នៅថ្ងៃសៅរ៍ ឬអាទិត្យ សម្ដេចតែងលេងកីឡាវាយកូនហ្គោលនេះ ជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិ និងបណ្ដាមិត្តភក្ដិបរទេស ពិសេជាមួយសឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាប្រភេទនេះ៕
ដោយ៖ សិលា