គ្រាន់តែរឿងរោទ៍ម៉ូតូកើតហិង្សាវាយគ្នាទៅវិញទៅមកសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២ក្រុមបានវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យភាគីម្ខាងរងរបួសពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់។
ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ០០នាទី
ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងដីឡូត៍ទំនេរមួយកន្លែងតាមផ្លូវលេខ១៩៩៥ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថាមានករណីវាយគ្នានៅចំណុចខាងលើរួចមក លោកមេប៉ុស្តិ៍បានចាត់កម្លាំងឲ្យចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំងពីរបានចំនួន៣នាក់ដោយភាគីម្ខាងមានរបួសសមត្ថកិច្ចក៏បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកភាគីម្ខាងទៀតសមត្ថកិច្ចជំនាញកំពុងសាកសួរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីដែលនាំឲ្យកើតហិង្សាវាយតប់គ្នាទៅវិញទៅមកនេះគឺផ្តើមចេញពីភាគីម្ខាងដែលរងរបួសនោះបានបើកម៉ូតូសណ្តោងរឺុម៉កលក់ខោអាវហើយជាប់ផុងក៏បានរោទ៍ម៉ាស៊ីនធ្វើឲ្យសំឡេងឮខ្លាំង ពេលនោះភាគីម្ខាងដែលមានគ្នា២នាក់បានប្រាប់ថាកុំរោទ៍ម៉ូតូឮពេក ប្រពន្ធរបស់ខ្លួនកូនខ្ចី។
ដោយឡែកភាគីដែលរងរបួសបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនហូបបាយរួចក៏មកកន្លែងទុករឺុម៉កម៉ូតូដើម្បីរៀបចំកន្លែងដេកស្រាប់តែមានមនុស្សមួយក្រុមមកវាយខ្លួន។
សមត្ថកិច្ចថា ការឆ្លើយរបស់ភាគីទាំងពីរហាក់ដូចជាមានការលាក់បាំងមិនប្រាប់ការណ៍ពិត។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា៖ ជនសង្ស័យ៣នាក់ ភាគីទី១មានគ្នា១នាក់ ឈ្មោះ សុខ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ របួសបែកលើថ្ងាស (គ្មានសារធាតុញៀន)។ចំណេកភាគីទី២មានគ្នា២នាក់ទី១-ឈ្មោះ សួន សុភក្ត្រ័ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុត ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) និង ២-ឈ្មោះ មើញ សុខគីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១៩៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ របួសលើចង្កេះដេរ១២ថ្នេរ (គ្មានសារធាតុញៀន) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិីតិវិធី ៕


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print