ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដាច់ខែកក្កដាឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យនឹងអាចប្ដូរទីលំនៅរបស់ពួកគាត់មក រស់នៅ លើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញហើយ ខណៈការដ្ឋានស្ថាបនា ដោយបុកស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ គ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅដំណាច់ខែកក្កដានេះ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនារឹកថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា ក្នុង២ទសវត្សរ៍កនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋក៏បានកើនឡើងដូចគ្នាដែរនោះ។ ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញយ៉ាងកំហុសផងដែរ ខណៈ ប្រទេសកម្ពុជាបានធ្វើសមាហរសមាហរណកម្មចូលគ្នា បាន ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មកសង់លំនៅដ្ឋាននៅលើដីសាធារណៈរបស់រដ្ឋ ។ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារបានមករស់នៅលើប្រឡាយ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរនិងធ្វើអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ ។
ជុំវិញ បញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការណែនាំដឹកនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យថ្នាក់ក្រោមជាតិរៀបចំអភិវឌ្ឍន៍សហគមន៍អោយបាន១០០សហគមន៍ក្នុងមួយឆ្នាំ។ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍសហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍សហគមន៍ស្ទឹងមានជ័យនៅនឹងកន្លែងដោយប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងជ័យត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះផងដែរ ។ បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺ នៅក្នុងបំណាច់ខែកក្កដាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឲ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឲ្យពួកគាត់នៅដីមួយឡូត៍ម្នាក់នៅតាមបណ្ដោយប្រឡាយបឹងស្ទឹងមានជ័យនេះ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍ក្រីក្រ ដូចគ្នានេះដែរ ខណៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋបានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕ សំរិត