នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាហ្វីលីពីនថ្មីចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ( SHALIMAR R IMPERIAL ) អនុព័ន្ធយោធាហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោក វរសេនីឯក សាលីម៉ារ អ អុីមភើរាល នៅកម្ពុជា ហើយសង្ឃឹមថាយើងពិតជាមានកិច្ចសហការល្អជាមួយគ្នា។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានរំលឹកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ហ្វីលីពីន ដែលមានចាប់តាំងពីឆ្នាំ១៩៥៧ ហើយត្រូវផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារប្រទេសកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយទើបតែក្នុងឆ្នាំ១៩៩២ប្រទេសទាំងពីរក៏បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាឡើងវិញ និងបានរៀបចំប្រារព្ធខួបលើកទី៦០ឆ្នាំ នៃថ្ងៃភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ផងដែរ។

ពាក់ព័ន្ធលើវិស័យការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះអនុសារណៈជាមួយគ្នា ដើម្បីពង្រឹងវិស័យការពារជាតិ។ នាយឧត្ដមសេនីយ៍ សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។

ជាកិច្ចឆ្លើយតប លោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល បានសំដែងការអំណរគុណចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោកចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកអនុព័ន្ធយោធា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ហើយរូបលោកមានបំណងសិក្សាស្វែងយល់លើបញ្ហានេះ។

លោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ក៏បានស្ញប់ស្ញប់ស្ញែងចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៉ាំរ៉ៃកន្លងមក ហើយនេះជាផ្នែកមួយដ៍សំខាន់ដែលហ្វីលីពីនត្រូវសិក្សា។ លោកអនុព័ន្ធសង្ឃឹមថា ក្នុងពេលអនាគតដ៍ខ្លី ហ្វីលីពីននឹងទទួលបានសុខសន្តិភាពដូចកម្ពុជាសព្វថ្ងៃដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print