ខេត្តបាត់ដំបង៖ ប្រជាកសិករម្នាក់ ខណៈដែលកំពុងព្ជួរដីចម្ការរបស់ខ្លួនសុខៗនោះ ស្រាប់តែរបើកមីនតោន១គ្រាប់ ធ្វើឲ្យគាត់ព្រលឹងចុងសក់ ហើយរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ហើយនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្ត្រីអង្គការស៊ីម៉ាក់ផងដែរបានយកគ្រាប់មីតោនដែលមិនទាន់ផ្ទុះនេះទៅកម្ទេចចោល ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងចំណុចដីចម្ការមួយកន្លែងក្នុងភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោក សុខ ណុយ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានភ្ជួរដីចម្ការក្នុងទំហំ៧០រ៉ៃស្ថិតនៅភូមិ ឃុំខាងលើ ។ លុះខណៈដែលគាត់កំពុងតែភ្ជួរដីនោះ ស្រាប់តែបើងគ្រាប់មីន១គ្រាប់ឡើងមក ធ្វើឲ្យគាត់មានការភិតភ័យយ៉ាងខ្លាំង ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។ លោកបញ្ជាក់ថា នេះសំណាងធំហើយ ដែលគ្រាប់មីនតោននេះមិនបានផ្ទុះ កុំអីមិនដឹងថា វាសនារបស់លោកនឹងក្លាយទៅជាយ៉ាងណានោះឡើយ ៕
ដោយ៖ សំ វិច្ឆិកា