សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត របស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូនមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងទទួលខុសត្រូវ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍រាយការណ៍ជូនសម្ដេច និងអង្គប្រជុំថា បញ្ហាកូវីដ១៩ បានក្លាយជាឧសគ្គរារាំងការដឹកជញ្ជូនសម្ភារៈមួយចំនួន សម្រាប់បំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្តជូនពលរដ្ឋ ហើយថាបញ្ហានេះបានធ្វើឱ្យការដាក់ឱ្យដំណើរការក៏ត្រូវពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២០។

លោកបន្តថានៅក្នុងដំណាក់កាលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ។

លោកបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្រ្តីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។

សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម។

ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលដល់ដំណាច់ឆ្នាំ២០២០ សម្រាប់ការបំពាក់សម្ភារៈបំរើឱ្យការផ្ដល់សេវាចុះបញ្ជីយានយន្ត ដោយសារបញ្ហាកូវីដ១៩នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាពតាមសំណើ និងបានផ្ដល់ការណែនាំកិច្ចការសំខាន់ៗមួយចំនួនទៀតសម្រាប់ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print