អង់គ្លេស៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីBoris Johnson បានប្រកាសពីសេចក្តីសម្រេចបញ្ឈប់រាល់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ ដោយលុបបណ្តាញ5G ចេញពីប្រទេសអង់គ្លេស ។ សេចក្តីសម្រេចនេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រជោគជ័យរបស់អាមេរិកក្នុងការអូសទាញសម្ពន្ធមិត្តឲ្យបោះបង់ហួវៃ។
គណៈកម្មការសន្តិសុខជាតិអង់គ្លេស (NSC) ដឹកនាំដោយនាយករដ្ឋមន្ត្រី Johnson នឹងជួបប្រជុំគ្នានៅថ្ងៃទី១៤ខែកក្កដាពិភាក្សាពីបញ្ហាហួវៃ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការហាមប្រាមហួវៃនឹងមានប្រសិទ្ធភាពចាប់ពីខែមករាឆ្នាំ ២០២១តទៅ។ ប៉ុន្តែមន្ត្រីអង់គ្លេសបានបញ្ជាក់ថា នឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបអាចលុបចោលទាំងស្រុងនូវបច្ចេកវិទ្យារបស់ហួវ៉ៃ។
កន្លងមក អាមេរិកបានហាមប្រាម
ក្រុមហ៊ុនហួវៃ ដោយចោទប្រកាន់ក្រុមហ៊ុននេះថាបានគំរាមកំហែងដល់សន្តិសុខជាតិរបស់គេ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខិតខំអូសទាញសម្ពន្ធមិត្តនៅតំបន់អឺរ៉ុបឲ្យឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ហួវៃ។ ប៉ុន្តែប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបមានការស្ទាក់ស្ទើរក្នុងការបញ្ឈប់ហួវៃ។
នៅពេលនេះការដែលអង់គ្លេសលុប ក្រុមហ៊ុនហួវៃចេញពិីគម្រោងបច្ចេកវិទ្យារបស់ខ្លួន នឹងប៉ះពាល់ដល់ប្រទេសជិតខាងក្នុងការបង្កើតបណ្តាញ5G ពិសេសគឺប្រទេសអាល្លឺម៉ង់ដេលជាទីផ្សារបច្ចេកវិទ្យាធំបំផុតនៅអឺរ៉ុប។ កន្លងមក អុីតាលី ក៏បានសម្រេចលុបក្រុមហ៊ុនហួវៃ ចេញពីបញ្ជីដេញថ្លៃសាងសង់បណ្តាញ5G ផងដែរ៕