រយៈពេលជាង២៤ម៉ោងកន្លងមក ចាប់តាំងពីភ្លើងឆាបឆេះនាវាវាយឡើងគោកUSS Bonhomme Richard ក្រុមពន្លត់អគ្គិភ័យនៅតែមិនទាន់អាចគ្រប់គ្រងស្ថានភាពបាននៅឡើយទេ។
អ្នកនាំពាក្យកងពលប៉ាស៊ីហ្វិករបស់អាមេរិកបានឲ្យដឹងថា មានមនុស្ស៥៩នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ ក្នុងនោះមាននាវិក៣៦នាក់និងបុគ្គលិកស៊ីវិល២៣នាក់។
លោក Philip Sobeck មេបញ្ជាការកងពលលេខ៣នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា «អាទិភាពរបស់យើងនាពេលនេះគឺពន្លត់ភ្លើង។ យើងបាននៅទីនេះរយៈពេល២៤ម៉ោងកន្លងមក ហើយនឹងបន្តរហូតដល់គ្រប់គ្រងបានទាំងស្រុង»។
លោក Philip Sobeck បានឲ្យដឹងថា នាវាខូចខាតយ៉ាងខ្លាំង ផ្នែកខាងមុខបានបាក់ស្រុតក្រោយភ្លើងឆាបឆេះកាន់តែខ្លាំងឡើង។ មកទល់ពេលនេះមូលហេតុបណ្តាលឲ្យឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែមានការសង្ស័យថាភ្លើងឆាបឆេះចេញពីបន្ទប់រក្សាសម្ភារជួសជុលនាវា។ ក្នុងពេលភ្លើងឆាបឆេះ ប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិត្រូវបានបិទដើម្បី ជួសជុល ។
នៅពេលដំបូងក្រុមនាវិកបានខិតខំពន្លត់ភ្លើងដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏ឆាបឆេះកាន់តែខ្លាំងឡើង។ លោកPhilip Sobeck បញ្ជាក់ទៀតថា ភ្លើងឆាបឆេះមិនទាន់រាលដាលដល់ទីតាំងស្តុកប្រេង៣,៧លានលិីត្ររបស់នាវាUSS Bonhomme នៅឡើយទេ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នាវានៅតែបន្តឆាបឆេះជាច្រើនថ្ងៃខាងមុខទៀត៕
ដោយ៖ ធី រីណា