មន្ត្រីគណបក្សប្រជាធិបតេយ្យអាមេរិកបានអំពាវនាវដល់សភាជួយអនុម័តផ្តល់ថវិកា២៥ពាន់លានដុល្លារ សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងចែកចាយដល់ពលរដ្ឋ។
គណៈកម្មការសុខាភិបាលរបស់សភាអាមេរិក បានស្នើដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវតែធ្វើសកម្មភាពច្រើនជាងនេះ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ គណបក្សប្រជាធិបតេយ្យ បានស្នើដល់រដ្ឋាភិបាលរបស់លោកត្រាំឱ្យមានគម្រោងច្បាស់លាស់សម្រាប់ការផលិតវ៉ាក់សាំងរបស់បណ្តាក្រុមហ៊ុនឱសថអាមេរិក ចាប់ពីថ្ងៃទី៧ខែសីហាទៅ។
លោកChuck Schumer បានបញ្ជាក់ថា តំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋចាំបាច់ត្រូវតែចូលរួម នៅក្នុងសកម្មភាពខាងលើ ដើម្បីជួយដល់សកម្មភាពផលិតវ៉ាក់សាំងនិងចែកចាយបានល្អបំផុត។
មកទល់ពេលនេះ មិនទាន់មានប្រទេសណាមួយមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ គឺស្ថិតនៅក្នុងការសាកល្បងនៅឡើយ ។ ជាមួយគ្នានេះមិនថាអាមេរិក ឬប្រទេសផ្សេងទៀតនោះឡើយកំពុងតែខិតខំផលិតវ៉ាក់សាំងឲ្យបានមុនគេបង្អស់។
បច្ចុប្បន្នអាមេរិកមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ៣,៤៧៩,៤៨៣នាក់ ស្លាប់កើនឡើង១៣៨,២៤៧នាក់ និងជាសះស្បើយកើនឡើង១,៥៤៩,៤៦៩នាក់ផងដែរ៕
ដោយ៖ ធី រីណា