ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តណាដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ដែលផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការបើកដំណើរការដោយមិនកែសម្រួលទៅជាភោជនីយដ្ឋាន ។
ជាក់ស្តែងកាលពីនៅយប់ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានពិនិត្យឃើញថា៖ មានខារ៉ាអូខេចំនួន៦ទីតាំង និងក្លឹបកម្សាន្តមានចំនួន៤ទីតាំង ក្នុងនោះ ឃើញខារ៉ាអូខេចំនួន០២ទីតាំង ស្ថិតនៅផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន មានបើកដំណើរការខារ៉ាអូខេជាធម្មតា ដោយគ្រាន់តែមួយទីតាំងមាននារីបំរើការជាង២០០នាក់ និងភ្ញៀវមួយចំនួនទៀត ដែលតម្រូវឲ្យគិតលុយ រួចចាក់ចេញទៅផ្ទះរៀងៗខ្លួន និងផ្អាកបណ្តោះអាសន្នតែម្តង។
លោក ថេង សុថុល បានឲ្យដឹងទៀតថា នៅចំពោះមុខនេះ អាជ្ញាធរបានណែនាំឱ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយតម្រូវឲ្យស្នើរសុំ និងកែសម្រួលឲ្យបើកជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។ លោកអភិបាល បានបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តន៏តាមការណែនាំ និងនៅតែបើកដំណើរការបំពានទៅនឹងបម្រាមទៀត អាជ្ញាធរនឹងដកហូតយកអាជ្ញាបណ្ណ័ និងបិទអាជីវកម្មទាំងស្រុងតែម្តង ។
ក្នុងឱកាសនោះដែរ លោក ម៉ម វាសនា ប្រធានមន្ទីរ ទេសចរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា តាមគោលការណ៏របស់រាជរដ្ឋាភិបាល បានឲ្យប្រែក្លាយពីទីតាំងខារ៉ាអូខេ ឲ្យទៅជាភោជនីយដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើសេចក្តីជូនដំណឹង ដែលបានបញ្ជាក់ច្បាស់ហើយថាទីតាំងខារ៉ាអូខេនេះគឺស្នើរឲ្យម្ចាស់អាជីវកម្មទាំងអស់ដែលមានជាង៩០ទីតាំង និងឌីស្កូ ជាង២០ទីតាំងបើគាត់ចង់ផ្លាស់ប្តូរជាភោជនីយដ្ឋាន ស្នើរឲ្យទៅដាក់ពាក្យស្នើរសុំនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
លោក បន្តថា រហូតមកដល់ពេលនេះ ម្ចាស់អាជីវកម្មទាំងនោះ បានដាក់ពាក្យស្នើរសុំប្រែក្លាយជាភោជនីយដ្ឋានបណ្តើរៗហើយ ប៉ុន្តែបើពួកគាត់នៅតែបន្តបើកទៀតមានន័យថា ពួកគាត់បានល្មើសទៅនឹងគោលការណ៏របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញតែម្តង ។
លោក ម៉ម វាសនា បានអោយដឹងទៀតថា សម្រាប់ ស្ថិតិ អាជីវកម្មសេវា កម្សាន្ត ទេសចរណ៍ មនុស្ស ពេញវ័យ ដែល បានចុះបញ្ជីត្រឹមត្រូវ ( ខារ៉ាអូខេ រង្គសាល – ឌីស្កូ បៀហ្គាឌិន ) នៅក្នុងរាជធានីភ្នំពេញ មានចំនួន ១៣៨ទីតាំង បុគ្គលិកសរុប ៤៥៨៨នាក់ ។ ក្នុងនោះប្រភេទសេវាកម្មខារ៉ាអូខេ មានចំនួន ៩៦ទីតាំង បុគ្គលិកសរុប ៣១៣៨នាក់ ។ ប្រភេទសេវាកម្ម រង្គសាល – ឌីស្កូ មានចំនួន២៨ទីតាំង មានបុគ្គលិក សរុប ១១៥៨នាក់ ។ប្រភេទសេវាកម្ម បៀហ្គាឌិន មានចំនួន ១១ទីតាំង មានបុគ្គលិក សរុប២៩២នាក់ ។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និង ម៉ាស្សា នៅរាជធានីភ្នំពេញ មានចំនួន ១២៣ទីតាំង (៩៣១ គ្រែ ) បុគ្គលិក ២៣០៧ នាក់ ។ លោក បន្ថែមថា ចំពោះអាជីវកម្ម ដែលតែង ហៅបា បារាំង ៗឬផាប់ មាននៅក្នុងខណ្ឌដូនពេញ និង ខណ្ឌចំការមន ប្រមាណជាង ១០០ ទីតាំង ។
គួរបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់ អាជីវកម្ម ក្លឹបកម្សាន្ត និង ខារ៉ាអូខេ ទាំងអស់ នៅរាជធានីភ្នំពេញ បេីកដំណេីរការ ដោយ ប្រែក្លាយទៅជាភោជនីយដ្ឋានវិញនោះ បានធ្វើឡើង កាលពីថ្ងៃទី០៧នខែកក្តដា ឆ្នាំ២០២០ថ្មីៗនេះ គឺមានម្ចាស់អាជីវកម្ម ក្លឹប កម្សាន្ត និង ខារ៉ាអូខេខ្លះមានការភណ្ឌ័ច្រឡំ និងខ្លះទៀតបន្លំតែម្តង គ្រាន់តែឃើញពាក្យថា ឲ្យបើកដំណើរការ ប៉ុន្តែនៅឃ្លាចុងក្រោយ គឺ «បេីកដំណេីរការ ដោយប្រែក្លាយទៅ ជា ភោជនីយដ្ឋានវិញ» ដោយសារបែបនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញ មានក្លឹបកម្សាន្ត ខារ៉ាអូខេ និងភោជនីយដ្ឋានដែលបង្កប់ខារ៉ាអូខេ មួយចំនួនបានបើកដំណើរការយ៉ាងព្រោងព្រាតឡើងវិញ ៕ដោយ៖ស តារា