ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើការផ្លាស់ប្តូរមុខមាត់កាន់តែប្លែកស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួនចោទជាសំណួរអំពីការផ្លាស់ប្តូរទម្រង់មុខដោយសារវិធីសាស្ត្រវះកាត់ថ្គាម។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខបដិសេធអំពីការជជែកគ្នារបស់អ្នកគាំទ្រផងដែរ។
សុខ ពិសី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីដែលមានសម្រស់ដ៏ទាក់ទាញ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែការប្រែប្រួលទម្រង់មុខទេសូម្បីតែការតុបតែងខ្លួនក៏តារាស្រីរូបនេះមានការប្រែប្រួលខ្លាំងផងដែរ។ ការប្រែប្រួលនេះបានធ្វើឲ្យទស្សនិកជនបានដាក់ការសង្ស័យថានាងឆ្លងកាត់មុខកាំបិតរបស់ក្រុមអ្នកជំនាញកែសម្ផស្ស ពិសេសទម្រង់មុខដែលពីមុនហាក់មានថ្គាមខ្លាបន្តិច ដែលផ្តូមកជាផ្ទៃមុខទម្រង់V ដែលគេកំពុងពេញនិយម។ ជុំវិញចម្ងល់នេះ តារាស្រីរូបនេះចេញមុខបដិសេធដោយចំៗថានាងមិនបានឆ្លងកាត់ការវះកាត់ថ្គាមណាមួយនោះឡើយហើយនាងថែមទាំងធានានិងហ៊ានភ្នាល់ដាក់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានរបស់នាងជាមួយអ្នកមានមន្ទិល ដែលអាចឲ្យអ្នកមិនអស់ចិត្តនឹងសម្រស់នាងរកវេជ្ជបណ្ឌិតមកពិនិត្យថែមទៀតផង។ ទោះជាយ៉ាងណានាងទទួលស្គាល់ក្នុងការវះកាត់ផ្នែកច្រមុះព្រោះតែប្រមាណ១០ឆ្នាំមុនមកម្ល៉េះគឺគ្រាដែលនាងមានគ្រោះថ្នាក់ចរាចរណ៍រហូតបាក់ខ្ទង់ច្រមុះនោះ។
គួរបញ្ជាក់ដែរថា សុខពិសី បានប្រឡូកក្នុងអាជីពជាអ្នកចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយដោយនាងធ្លាប់ជាតារាចម្រៀងប្រចាំផលិតកម្ម KH Production ផលិតកម្ម 9Star ផលិតកម្មសាន់ដេជាដើម។ បច្ចុប្បន្ននាងត្រូវបានគេសង្ស័យថាបានភ្ជាប់ចំណងស្នេហ៍ជាមួយអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មសាន់ដេ ដែលគេស្គាល់ថាជាកូនប្រុសបណ្តូលចិត្តរបស់ចាងហ្វាងផលិតកម្មនេះផងដែរ៕
ដោយ វឌ្ឍនា