ករណីប្លន់ប្រដាប់អាវុធ មិនថាទីក្រុង ឬជនបទបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាបានប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះដែរ ប៉ុន្តែហាក់ដូចជាមិនសមល្មមនឹងទង្វើរបស់ពួកចោរប្លន់ប្រដាប់អាវុធទាំងនោះឡើយ ។ កាលពីយប់ថ្ងៃទី២៧ និងឆ្លងចូលថ្ងៃទី២៨ ខែមករា មានករណីប្លន់ប្រដាប់អាវុធកើតឡើងច្រើនកន្លែងក្នុងប្រទេស ដែលករណីខ្លះធ្វើឲ្យម្ចាស់ផ្ទះបាត់បង់អាយុជីវិតថែមទៀតផង ។ ការបាញ់សម្លាប់មនុស្សក្រៅច្បាប់នៅតែកើតមាន ។
ប្រជាពលរដ្ឋហាក់មានកង្វល់ជាខ្លាំងចំពោះបញ្ហានេះ ។ បណ្តាជនដែលមានទ្រព្យសម្បត្តិនៅតាមទីប្រជុំជន ក៏ដូចជានៅតាមទីជនបទ មានសេចក្តីព្រួយបារម្ភអំពីបញ្ហាអសន្តិសុខដែលចេះតែកើតឡើងជារឿយៗ ។ អាជ្ញាធរមានសមត្ថកិច្ចទទួលបាននូវការព្រមានពីថ្នាក់ដឹកនាំរបស់ខ្លួនឲ្យពង្រឹងសន្តិសុខឡើងវិញ ។ មន្ត្រីនគរបាលថ្នាក់ខេត្តខ្លះ ទទួលបាននូវការព្រមានអំពីការដកតំណែង ប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមានបទល្មើស ។ បើទោះបីជាយ៉ាងនេះក៏ដោយមិនទាន់ឃើញមានមន្ត្រីនគរបាលដែលជាអ្នកទទួលខុសត្រូវថ្នាក់ខេត្ត ឬស្រុកណាម្នាក់ត្រូវបានដកហូតពីមុខតំណែងនៅឡើយ បើទោះបីអំពើប្លន់ប្រដាប់អាវុធនៅតែកើតមានជាហូរហែក៏ដោយ ។ មានន័យថា សេចក្តីព្រមានរបស់មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិមិនទាន់បានអនុវត្តជាផ្លូវការនៅឡើយ ។ ហេតុនេះ អំពើប្លន់ក៏ចេះតែមានជាបន្តបន្ទាប់យ៉ាងដូច្នោះដែរ ។
មានមូលហេតុជាច្រើន ដែលបណ្តាលឲ្យមានអំពើឆក់ប្លន់ស្ទើរគ្រប់កន្លែងក្នុងសង្គមសព្វថ្ងៃ ។ បញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ បាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ។ មិនថាតែ បៀរ, អាប៉ោង, កន្ទុយលេខ, សង្វៀនជល់មាន ដែលខុសនឹងច្បាប់ប្រទេសនោះទេ កំពុងកើតមាននៅគ្រប់ច្រកល្ហកទាំងរាជធានី និងតាមខេត្ត ក៏ដូចជាទីជនបទ…សូម្បីតែ កម្មវិធីប្រដាល់តាមកញ្ចក់ទូរទស្សន៍ ច្រើនប៉ុស្តិ៍ ក៏ក្លាយទៅជាល្បែងភ្នាល់សម្រាប់អ្នកនិយមកម្មវិធីប្រដាល់នេះដែរ ។ ល្បែងភ្នាល់បាល់តាមអ៊ីនធើណេត, ល្បែងហ្គេមបាញ់ត្រី ក៏ដូចជាហ្គេមច្រើនប្រភេទទៀត នៅតែដំណើរការជាធម្មតា ក្រោមក្រសែភ្នែកអាជ្ញាធរមានសមត្ថកិច្ចដែលមានភារកិច្ចបង្ក្រាបបទល្មើសទាំងនេះ ។ នៅពេលដែលសមត្ថកិច្ចមិនបង្ក្រាប វានឹងបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ដែលជាមូលហេតុនាំឲ្យសមត្ថកិច្ចខ្លួនឯងជាអ្នកលំបាកក្នុងការបង្ក្រាប ។
អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបានឡើងតួនាទីគ្រប់គ្រងតំបន់របស់ខ្លួន ប៉ុន្តែមិនមានសមត្ថភាព ជាហេតុធ្វើឲ្យពួកចោរប្លន់ប្រដាប់អាវុធដឹងអំពីចំណុចខ្សោយរបស់សមត្ថកិច្ច ដូច្នេះពួកគេ(ចោរ) អាចធ្វើសកម្មភាពបានគ្រប់ពេលវេលា ព្រោះគេដឹងថា មន្ត្រីនគរបាលថ្នាក់ខេត្ត ឬស្រុកដែលគេត្រូវធ្វើសកម្មភាព ជាមនុស្សអសមត្ថភាព ។ និយាយត្រង់ចំណុចនេះ គេសង្កេតឃើញថា ករណីចោរប្លន់ច្រើនកន្លែងមកនេះ មិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចវាយបំបែកសំណុំរឿងនៅឡើយ ។ ខេត្តកណ្តាល, បាត់ដំបង, បន្ទាយមានជ័យ, កំពត…ភ្នំពេញ សុទ្ធតែមានករណីប្លន់ប្រដាប់អាវុធ ប៉ុន្តែសមត្ថកិច្ច មិនទាន់បំបែកសំណុំរឿងបាន ។
បញ្ហាគ្រឿងញៀនកំពុងពង្វក់ស្មារតីយុវជន ក៏ជាបញ្ហាមួយដែរ ។ ជនដែលប្រើប្រាស់គ្រឿងញៀនមិនខ្លាចនឹងការប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយ ។ គ្រឿងញៀនកំពុងញាំញីសង្គមកម្ពុជាមិនថា ទីក្រុង ឬទីជនបទនោះទេ ។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវមានការតាំងចិត្តខ្ពស់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើស ។ ការបង្ក្រាបឲ្យអស់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងធានាឲ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សំខាន់គឺគ្មានល្បែងស៊ីសង ទើបអាចកាត់បន្ថយបទល្មើស ឆក់ប្លន់បាន ៕
ដោយ៖ នួន នរិន្ទ្រន៍