អាជ្ញាធរស្រុករមាសហែកចុះសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិបន្ទាប់ពីផ្ទុះការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមគណនីហ្វេសប៊ុកចែកចាយបន្តគ្នាពាក់ព័ន្ធនឹងករណីរំលោភលើដីផ្លូវស្រែចេញចូលស្ថិតនៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឱ្យមានការរិះគន់តៗគ្នារួចមក នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែដោយអ្នកបង្កបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។

យោងតាមលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៏មានខាងលើដែលបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកភ្លាមនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០លោកនិងក្រុមការងារដែលពាក់ព័ន្ធបានចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិ។

លោកបន្តថា ប្រជាពលរដ្ឋដែលរំលោភលើដីផ្លូវស្រែមានឈ្មោះ ពៅ សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ជាលទ្ធផលឈ្មោះពៅ សារិទ្ធ និងប្រពន្ធបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតាវិញ។

ក្នុងនោះលោកអភិបាលស្រុកក៏បានជួយឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀលដល់លោកពៅ សារិទ្ធ និងភរិយាផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print