នេះគឺជារឿងមួយមិនធម្មតាកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។
បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយ ដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះ មានទឹកប្រាក់យ៉ាងច្រើនដល់ទៅ ៣.៥ លាន ដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ហើយឱ្យជនរងគ្រោះអ្នកទទួលលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល០៨ និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។
ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)ថែមទៀត។
ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ត្រង់ចំណុចបុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យក៖ កុំព្យូទ័រចំនួន០៣គ្រឿង, ស៊ីមកាត (ប្រើរួច) មួយចំនួន ,ទូរស័ព្ទដៃចំនួន០៤គ្រឿង ,លិខិតឆ្លងដែនចំនួន០៤ក្បាល ,ឆ្នាំងសាកកុំព្យូទ័រចំនួន០៣, ម៉ូតូចំនួន០៣គ្រឿង៕ស សម