ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈកម្លាំងជំនាញទាំងបីប្រភេទទ័ព ព្រមទាំងឧបករណ៍ សម្ភារ និងមធ្យោបាយផ្សេងៗទៀត ក្នុងការធ្វេីសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំងបីប្រទេសកម្ពុជា វៀតណាម ឡាវ ដែលគ្រោងធ្វេីនាពេលខាងមុខនេះ។ កងទ័ពទាំងបីប្រទេស គ្រោងធ្វើសមយុទ្ធសង្គ្រោះគ្រោះ មហន្តរាយរួមគ្នា នៅពេលខាងមុខដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា និងធានាសុខសុវត្ថិភាព ចំពោះអាយុជីវិតក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។
ភាគីពាក់ព័ន្ធមិនទាន់បង្ហាញពេលវេលានិងទីតាំងជាក់លាក់នៅឡើយទេ ដោយគ្រាន់តែប្រុងប្រៀបរៀបចំតែប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ មុឹង សំផន បានភ្ជាប់ការ ងាររបស់គណៈកម្មការសង្គ្រោះគ្រោះ មហន្តរាយក្រសួងការពារជាតិស្របពេលរដូវវស្សាឈានចូលមកដល់ផងនោះ តាមបណ្តាអង្គភាពជំនាញត្រូវត្រៀមគ្រប់លក្ខណ: ដេីម្បីចុះជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅពេលមានគ្រោះ មហន្តរាយកើតឡើងជាយថាហេតុនៅ ក្នុងរដូវវស្សាឆ្នាំ២០២០នេះ។
កិច្ចប្រជុំនោះក៏មានការអញ្ជេីញចូលរួមពីបណ្តាអង្គភាពជំនាញ កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស ស្ថាប័នធានាភស្តុភារហិរញ្ញវត្ថុនិងបណ្តាកងឯកភាពជំនាញបន្ថែមទៀតរួមមាន៖ កងពលតូចថ្មើរជើងលេខ៧០ កងពល តូចទ័ពពិសេសឆត្រយោង៩១១ កងរាជអាវុធហត្ថ និងកងពលដឹកជញ្ជូនលេខ ៩៩ ជាកងឯកភាពជំនាញធ្លាប់ចូលរួមសង្គ្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋនាពេលកន្លងមក៕សុខដុម