ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនអំពីការរៀបការទ្រង់ទ្រាយធំមិនមែនជារឿងសំខាន់សម្រាប់ជីវិតនាង និងគូស្នេហ៍។ ទោះជាយ៉ាងណាឪពុកបង្កើតរបស់នាងបានចេញមុខបញ្ជាក់អំពីស្ថានភាពដែលនាំឲ្យកូនស្រីនិងអនាគតកូនប្រសានៅមិនទាន់អាចចូលរោងការបានព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩នៅមិនទាន់ធូស្បើយ។
វ៉ាន់ នីឡា កាន់តែមានសម្រស់ស្រស់ស្អាតក្រោយពីនាងពេញរូបរាង ។ ស្ថានភាពនៃជីវិតរស់នៅរបស់នាងក៏មានភាពប្រសើរឡើងពោលគឺនាងមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបង្កើតក្រុមគ្រួសារមួយសមរម្យ។ ទោះមានធនធានពីការងារសិល្បៈ និងមុខជំនួញក្តីក៏តារាស្រីរូបនេះបានពោលពាក្យមួយដែលជាការយល់ឃើញខុសពីក្មេងស្រីមួយចំនួន។ នាង “រៀបចំមង្គលការខ្នាតតូចមនុស្សពីរគ្រួសារ ចុះអេតាស៊ីវិល សល់លុយរកស៊ីអ្នកណាសើចយំកុំខ្វល់សំខាន់យើងមានសុភមង្គលសល់លុយ”។ ការពោលបែបនេះក៏ក្រោយពេលដែលមង្គលការរបស់នាងនិងគូស្នេហ៍ដែលជាកូនមន្ត្រីរាជការមានមុខមាត់ម្នាក់នោះត្រូវបានពន្យាពេលអស់ជាច្រើនខែ ព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩។ សារនេះបានធ្វើឲ្យអ្នកគាំទ្រនាងយល់ថាតារាស្រីវ័យក្មេងរូបនេះទំនងជាបញ្ចប់គម្រោងរៀបមង្គលការទ្រង់ទ្រាយធំ ដែលមានត្រឹមការដឹងលឺពីចាស់ទុំឬសែនព្រេនសមល្មមមួយជាការស្រេច។
ទោះជាយ៉ាងណា លោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រជាឪពុកបានចេញមុខបញ្ជាក់អំពីស្ថានភាពស្នេហានិងគ្រួសាររបស់កូនស្រី។ លោកថា«កូនស្រីរបស់លោកអាចរៀបការបាន លុះត្រាតែស្ថានភាពអំណោយផល លែងភ័ យពីកូវីដ–១៩ ពិសេសរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការឡើងវិញជាចំហដូចមុនបានហើយនោះ នឹងរៀ បចំតែម្ដង។លោកថាមិនអាចនិយាយមុនថា នឹងរៀបការនៅខែ១០ ឬចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានទេ ព្រោះត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងសិនព្រោះបើការទៅភ្ញៀវនៅតែបារម្ភកូវីដ–១៩នោះ ក្នុងនាមលោកជាឪពុកម្ដាយក៏ មិនសប្បាយអស់ពីចិត្តដែរ ព្រោះថាធ្លាប់លើកពេលរៀបការនេះ ម្ដងហើយកាលពីខែ៥។ លោកបន្តថាពេលនេះកូនប្រុសស្រីទាំង២ ស្រលាញ់គ្នា ហើយចុះសម្រុងគ្នាល្អគ្មានបញ្ហាអីទេប៉ុន្តែស្ថានការណ៍កូវីដ–១៩ លែងជាបញ្ហាចោទទៀតហើយ គឺពួកគេទាំងពីរនឹងរៀបការតែម្ដង ព្រោះពេលនេះច្បាស់លាស់ជាមួយគ្នានិងមានការដឹងលឺពីក្រុមគ្រួសារទាំងសងខាងរួចហើយដែរ”៕ ដោយ វឌ្ឍនា