គណសង្ឃនាយកប្រតិកម្មនឹងបទចម្រៀង”លួចស្រលាញ់ប៉ះចំតែសង្សារលោក”

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀងមួយបទចំណងជើងថា “លួចស្រលាញ់ប៉ះចំតែសង្សារលោក” បាននឹងកំពុងតែរងការរិះគន់ខ្លាំងពីទស្សនិកជនពិសេសពុទ្ធសាសនិកជន។ ក្នុងនោះដែរ គណសង្ឃនាយកកម្ពុជាបានបញ្ចេញលិខិតដោយប្រតិកម្មខ្លាំងលើបទចម្រៀងមួយនេះផងដែរ។

អស់រយៈពេល៦ថ្ងៃហើយដែលបទចម្រៀង លួចស្រលាញ់ប៉ះចំតែសង្សារលោក ត្រូវបានបង្ហោះលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា”Troll យឹម តន” បានបង្ហោះចេញអមដោយការច្រៀង និងភ្ជាប់ដោយឆាយាល័ក្ខណ៍(រូបថត)ព្រះសង្ឃ ជាច្រើនអង្គដែលកន្លងទៅធ្លាប់លេចចេញរឿងអាស្រូវស្នេហាជាមួយនិងនារីៗនោះ។ បទចម្រៀងនេះមិនត្រូវបានបង្ហាញឈ្មោះ អ្នកច្រៀងនិងអ្នកនិពន្ធនោះឡើយ ហើយក៏មិនមានសំឡេងពិរោះអ្វីនោះដែរ ។ បទចម្រៀងនេះត្រូវបានយកលំនាំតាមបទចម្រៀង”ស្រលាញ់ប៉ះចំតែសង្សារគេ” ដែលជាសំនៀងដើមរបស់ម្ចាស់ពានThe Voice Kid Cambodia រដូវកាលទី២ ចាន់ សុបញ្ញា។ បទចម្រៀងអមដោយព្រះឆាយាល័ក្ខណ៍នៃព្រះសង្ឃមួយចំនួនដែលធ្លាប់លេចចេញរឿងអាស្រូវស្នេហា ដូចជាអតីតព្រះតេជគុណ ឡុង ចន្ថា ជាដើម។

ស្របនឹងការរិះគន់ជាច្រើនគណសង្ឃនាយកកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយមានការប្រតិកម្មខ្លាំងលើបទចម្រៀងមួយនេះ។ គណសង្ឃបានចាត់ទុកការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមជាបទចម្រៀងលាយឡំកាត់តរូបបុព្វជិតពុទ្ធសាសនាក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទដោយបានប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារដោយចេតនាបំផ្លិចបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូរក៏ដូចជាកិត្តិសយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ គណសង្ឃក៏បានចាត់ទុកករណីនេះថាជាការប្រមាថព្រះសង្ឃថេរវាទនៅប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទ្ធផងដែរមានភាពទោមនស្សកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើអកុសល និងថោកទាប។ គណសង្ឃក៏បានធ្វើការបដិសេធ និងថ្កោលទោល ចំពោះទង្វើដ៏ស្មោគគ្រោកអសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស និងស្នើឲ្យក្រសួងធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើអ្នកគ្រប់គ្រងគណនីយហ្វេសប៊ុកខាងលើតាមនិតិវិធី។

គួរបញ្ជាក់ដែរថា បទចម្រៀងលួចស្រលាញ់ប៉ះចំតែសង្សារលោក នេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានធ្វើការប្រតិកម្ម ចែករំលែកជាបន្តបន្ទាប់និងមានអ្នកចូលទស្សនាប្រមាណជិត៣លានដង។ បទចម្រៀងប្រមាណជាង៤នាទីនេះក៏មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមYoutube ជាហូរហែផងដែរ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print