ជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កស្របគ្នាដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនធ្លាយខួរស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដែលបើកស្របទិសគ្នាដួលកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនពីលើតែម្ដងបង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ក្នុងភូមិថ្មស ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃួន ចាន់រ៉ា អាយុ ៤២ឆ្នាំ មុខរបរកម្មករ នៅភូមិចំបក់កោង ឃុំតាសួស ស្រុក ស្វាយជ្រំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ  ស្វាយរៀង ១I-២១៣៥រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

ចំពោះអ្នកបើករថយន្តមានឈ្មោះ ប៉ែន រ៉ុម ភេទប្រុស អាយុ ៦២ឆ្នាំរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗមកសាកសួរ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកនឹងម៉ូតូសណ្ដោងរុឺម៉កស្របទិសគ្នាបណ្តាលឱ្យដួលកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៨២២ ស្លាកលេខរុឺម៉ករថយន្ត៤A -៧៦៥៩មកពីក្រោយស្របគ្នាកិនពីលើតែម្ដង។

រីឯអ្នកបើករថយន្តនិងមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print