ម៉ូតូមួយគ្រឿងបុកស្ត្រីជាអ្នកថ្មើរជើងម្នាក់ស្លាប់នៅនឹងកន្លែង រីឯអ្នកបើកម៉ូតូរងរបួសបាក់ជើង

ចែករំលែក៖

ខេត្តកណ្ដាល៖ស្ត្រីចំណាស់ជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងមកបុកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រីឯអ្នកបើកបរម៉ូតូរងរបួសបាក់ជើង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី លើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ  រុំ រឿង អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់បាត់បង់ជីវិត)។ ចំណែកអ្នកបើកម៉ូតូឈ្មោះ ស្រេង លាវ ភេទប្រុស អាយុ៤៦ឆ្នាំ (របួសបាក់ជើងខាងឆ្វេង)មានទីលំនៅភូមិអន្លង់សាន​ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល​ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1y-8054។ 

     ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្ត្រីរងគ្រោះជាអ្នកថ្មើរជើង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុក៏ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿនពីទិសដៅខាងជើងទៅត្បូង ក៏បានបុកស្ត្រីរងគ្រោះជាអ្នកថ្មើរជើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រីឯអ្នកបើកបរម៉ូតូទទួលរងរបួសបាក់ជើង។ 

    ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកអំបិល ចុះពិនិត្យវាស់វែង រួចកសាងឯកសារដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ 

    តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង 

ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវក៏ខ្វះការប្រុងប្រយ័ត្នដែរ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print