ខេត្តកណ្ដាល៖ យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ លុះ៣ថ្ងៃក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងរកឃើញនៅជាប់នឹងខ្លួនសពមាន អាគុយចំនួន១គ្រឿង,ដងឆក់ត្រី១គូ,អាំងវែរទ័រ ១គ្រឿង។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី ខណៈមេឃកំពុងរលឹមស្រិចៗជនរងគ្រោះឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រីនៅក្នុងស្រះ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញទេ រីឯឪពុកម្តាយនិងក្រុមគ្រួសារវិញបានដើររកដែរ តែរកមិនឃើញសោះ ។ លុះ៣ថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧និង៣០នាទីទើបមានប្រជាពលរដ្ឋប្រទះឃើញឈ្មោះផល ផា ស្លាប់នៅក្នុងស្រះត្រី ដោយមានស្ពាយ អាគុយ អាំងវែរទ័រ និងដងឆក់ត្រីជាប់និឹងខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដោយមានការចូលរួមពីថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមគ្រួសារជនរងគ្រោះបានទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ