ខេត្តកំពង់ឆ្នាំង៖ តាបសម្នាក់ដែលយកស្បង់ជីវររុំធ្វើជាសង្ឃក្លែងក្លាយ ត្រូវអាជ្ញាធរ និងធម្មការស្រុកឃាត់ខ្លួន ក្រោយពីតាបសរូបនេះបានដើរបិណ្ឌបាត្រលុយពីប្រជាពលរដ្ឋតាមផ្លូវនានា នៅក្នុងមូលដ្ឋានស្រុកបរិបូរណ៍ ។ ការឃាត់ខ្លួនបុរសដែលក្លែងក្លាយជាសង្ឃនេះ ធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំបន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
មន្រ្តីធម្មការស្រុកបរិបូរណ៌បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានលោកសង្ឃមួយអង្គគ្រងស្បង់ជីវរ តែគ្មានកោសក់ទេ បានដើរបិណ្ឌបាត្រលុយតាមផ្លូវ ប៉ុន្តែដោយមានការសង្ស័យ សមត្ថកិច្ច និងមន្រ្តីសង្ឃបានហៅមកសាកសួរដើម្បីពិនិត្យលិខិតស្នាមដែលបញ្ជាក់ភេទជាសង្ឃ ។
ក្រោយពីធ្វើសាកសួរ រួចហើយពុំមានលិខិតសំគាល់ដែលបញ្ជាក់ជាសង្ឃនោះទេ ជនក្លែងរូបនេះបានប្រាប់ថា រូបគេមានឈ្មោះ ឈុំ សូរិយពល្លៈ អាយុ៣៧ឆ្នាំ មានម្តាយឈ្មោះ វណ្ណា នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ សង្ឃនោះម្តងថានិមន្តបិណ្ឌបាត្រយកបច្ច័យកសាងវត្ត ម្តងថាយកបច្ច័យអោយម្តាយ និងម្តងទៀតថា ខ្លួនជាតាបស ធ្លាប់ដើរពេញស្រុកខ្មែរ គ្មានអ្នកណាចាប់ឡើយ ។
មន្ត្រីសង្ឃស្រុកព្រះនាម កង សារ៉ុន មានសង្ឃដីការថា បើជាសង្ឃពិតប្រាកដ គេមិននិមន្តបិណ្ឌបាត្របច្ច័យតាមទីសាធារណៈបែបនេះទេ បើមើលតាមលក្ខណៈ គឺគ្មានត្រង់ណាដែលបញ្ជាក់ថាជាសង្ឃនោះទេ ហើយតាំងខ្លួនជាតាបស ក៍ខុសទៅទៀត ។
បន្ទាប់ពីពិនិត្យទៅឃើញថា សង្ឃនេះជាសង្ឃក្លែងក្លាយ មន្ត្រីបានអោយដោះស្បង់ជីវរ ហើយប្រគល់អោយសមត្ថកិច្ច ដើម្បីសួរនាំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះតទៅទៀត ព្រោះវាប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាទូទៅកំពុងគោរពប្រតិបត្តិ ហើយដែលធ្វើអោយខូចឈ្មោះដព្រះសង្ឃដទៃដែលកំពុងរស់នៅជាឧត្តមភេទជាសង្ឃនោះ ៕
ដោយ៖ ចន្ថា