អតីតយុទ្ធជនត្រូវបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ

ចែករំលែក៖

ខេត្តកណ្តាលៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសរសេីរចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច ទទួលបានលទ្ធផលគួរជាទីមោទនៈនារយៈពេលកន្លងមក ហេីយអតីតយុទ្ធជន ត្រូវបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ថ្លែងដូច្នេះ ក្នងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ
២០២០ ស្ថិតនៅសាលប្រជុំអគារស្នាក់ការកណ្តាលអតីតយុទ្ធជនកម្ពុជា នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សម្តេចពិជ័យសេនាឱ្យដឹងទៀតថាសម្រាប់ពិធីប្រកាសទទួលស្គាល់អនុប្រធាន អគ្គលេខាធិការរងសមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលស្តែងបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនកម្ពុជាទាំងអស់។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតបានជាសមិទ្ធផល ស្នាដៃ និងវឌ្ឍភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចបានក្នុងរយៈកាល៥ឆ្នាំកន្លងមក។
នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរសាងសង់ផ្ទះចំនួន ២,៤៦០ខ្នង។ បើប្រៀបធៀបការ សាងសង់ផ្ទះជូនអតីតយុទ្ធជនទូទាំងប្រទេសទៅនឹងស្ថិតិនៃការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ក្នុងឆ្នាំ២០១៦ ដែលបានរកឃើញអតីតយុទ្ធជនសរុបចំនួន ៦,១១៤គ្រួសារ(មានដីគ្មានផ្ទះ ឬមានផ្ទះស្នាក់នៅមិនសមរម្យ គ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ) គឺនៅសល់ចំនួន​៣,៦៥៤គ្រួសារទៀតត្រូវបន្តសាងសង់ ​និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនបន្ត។
ដោយឡែក លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិក ៧៦,៩២៣នាក់ ដែលមានសមាជិកគ្រួសារនៅក្នុងបន្ទុកប្រមាណ ១០៨,៨៧១នាក់ កំពុងទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋជារៀងរាល់ខែ ក្នុងនោះ៖ មាននិវត្តជន ចំនួន ២៦,៨៩២នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន ១,៤៤៤នាក់ និងជនពិការ ចំនួន ២៦,៤៤៩នាក់៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print