មនុស្ស​១៤១​នាក់​បាន​ស្លាប់ នឹងជាង​២,២​លាន​នាក់​ទៀត ត្រូវ​ជម្លៀស​ខ្លួន ដោយសារ​គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន

ចែករំលែក៖

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារទូរទស្សន៍​រដ្ឋ​ចិន CGTN បាន​រាយការណ៍​ថា យ៉ាងតិច​មនុស្ស​១៤១​នាក់​បាន​ស្លាប់ ឬ​កំពុង​បាត់​ខ្លួន នឹង​ជាង​២,២​លាន​នាក់​ទៀត បាន​ជម្លៀស​ចេញពី​ទីលំនៅ​ពួកគេ ដោយសារ​គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ដែល​ចាប់ផ្ដើម​តាំងពី​ខែមិថុនា​មក​ម្ល៉េះ ។ ទើបធ្វើឲ្យអាជ្ញាធរ​ចិន នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញ​សេចក្តី​ព្រមាន​គ្រោះទឹកជំនន់​ថែមទៀត​លើ​ទន្លេ​យ៉ង់​សេ របស់​ចិន ខណៈ​ភ្លៀងបន្តធ្លាក់​ខ្លាំង ដោយ​ត្រូវបាន​ព្យាករ​ណ៍ក្នុង​បណ្ដា​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។

ដោយឡែកទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ក៏បានចេញផ្សាយដោយ​ដកស្រង់​ពីសេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ធនធានទឹក​ចិន អឺ ជី​ង​ភីង(E Jingping) នៅ​ថ្ងៃទី ១៦ ខែកក្កដាថ្មីៗនេះថា កម្រិត​ទឹក​ក្នុង​ផ្នែក​កណ្ដាល​និង​ក្រោម​នៃ​ទន្លេ​យ៉ង់​សេ បាន​បន្ត​កើនឡើង​។ លោក​រដ្ឋមន្ត្រី​បន្តថា ការឡើង​កម្ពស់​ទឹក កើតឡើង​១២​ថ្ងៃក្រោយ​កម្រិត​ទឹក​ផ្នែក​ខ្លះ​ក្នុង​ទន្លេ​នេះ​បាន​កើន​លើស​កម្រិត​អាសន្ន​។

ថ្លែង​អំឡុង​សន្និសីទ​ព័ត៌មាន​​លោក អឺ បានប្រាប់ទីភ្នាក់ងារចិន Xinhua ថា ការឆ្លើយតប​ប្រឆាំង​គ្រោះទឹកជំនន់​របស់​រដ្ឋា​ភិ​បាល​ចិន គឺ​ផ្ដោត​សំខាន់​លើ​តំបន់​ចំនួន​៣ ។ ដោយលោក បានបកស្រាយ​ថា៖ ទី​១ គឺ សម្របសម្រួល​ការគ្រប់គ្រង​ទឹកជំនន់​តាម​ដង​ទន្លេ​យ៉ង់​សេ និង​អាង​ស្ដុក​ទឹកជ្រោះ​បី (Three Gorges) ,ហើយ​ទី​២ គឺ ត្រួតពិនិត្យ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​នៅ​ខេត្ត​ជាំ​ង​ស៊ូ និង​បឹង​ទឹកសាប Tai និង​ទី៣ គឺត្រៀមលក្ខណៈ​សម្រាប់​សេណា​រី​យ៉ូ​អាក្រក់​បំផុត​ក្នុង​អាងទឹក​ទន្លេ​ហួយ​។​

​បើយោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក រដ្ឋាភិបាល យោធា និង​អ្នកស្ម័គ្រចិត្ត កំពុង​ញាប់ដៃ​ញាប់ជើង​ផ្ដល់ជំនួយ​គ្រាអាសន្ន​ដល់​ជនរងគ្រោះ​។ វីដេអូ​ដែល​ចាក់ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ CCTV បាន​បង្ហាញថា កងទ័ព​បាន​លី​បាវ​ខ្សាច់​ធ្វើ​ទំនប់ទឹក​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ និង​ហ៊ូ​ប៉ី ដើម្បី​បន្ថយល្បឿន​ទឹក​ហូរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print