ក្លិប Leeds United ត្រូវបានកក់កៅអីទៅលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League បន្ទាប់ខកខានមិនបានចូលរួមលីកកំពូលមួយនេះរយៈពេល១៦ឆ្នាំហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។
ក្លិប Leeds United បានលេងក្នុងក្របខ័ណ្ឌទី២របស់អង់គ្លេសនៅរដូវកាលនេះ ហើយបានយកកក់កៅអីទៅក្របខ័ណ្ឌកំពូលអង់គ្លេសសម្រាប់រដូវកាលក្រោយ បន្ទាប់ពីការបរាជ័យ ២-១ របស់ West Brom នៅឯទឹកដី Huddersfield Town កាលពីថ្ងៃសុក្រ ដែលធ្វើឲ្យក្រុម Leeds United មានកៅអីដោយស្វ័យប្រវត្តិ។
ក្រុម Leeds United នឹងក្លាយជាម្ចាស់ជើងឯកលីកទី២របស់អង់គ្លេសប្រសិនបើក្រុម Brentford មិនបានយកឈ្នះក្រុម Stoke នៅក្នុងការប្រកួតថ្ងៃសៅរ៍នេះ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Marcelo Bielsa បានដឹកនាំក្រុម Leeds United នៅក្នុងរដូវកាលទី នេះដែលកំពុងឈរកំពូលតារាងក្នុងព្រឹត្តិការណ៍ Championship ឆ្នាំ២០១៩-២០២០នេះ។ ទោះបីជាអនុញ្ញាតឱ្យមានការសម្រាកដែលត្រូវបានបង្ខំដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយក៏ក្រុម Leeds ធ្វើបានល្អដោយទទួលបានជ័យជម្នះក្នុង៥ប្រកួតចុងក្រោយមិនដែលចាញ់ទាល់តែសោះ។
សូមបញ្ជាក់ថា រយៈពេល១៦ឆ្នាំហើយដែលក្រុម Leeds United មិនបានលេងនៅលីកកំពូលអង់គ្លេស ដោយបន្តលេងនៅលីកទី២ ហើយឆ្នាំនេះគឺជាឆ្នាំដែលក្រុមជោគជ័យដោយឈរកំពូលតារាងលីកទី២ បានឱកាសកក់កៅអីដោយស្វ័យប្រវត្តិទៅលេងលីកកំពូលអង់គ្លេសទោះបីនៅសល់ប្រកួតមិនទាន់ចប់រដូវកាលក៏ដោយ។ ក្រុម Leeds United នឹងត្រូវប៉ះក្រុមម្ចាស់ Derby County នៅថ្ងៃអាទិត្យស្អែកវេលាម៉ោង៨យប់ម៉ោងនៅកម្ពុជា ៕