ពិភពលោក៖ ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក គិតដល់ថ្ងៃទី១៩ខែកក្កដា មានអ្នកឆ្លងសរុបជាង១៤លាននាក់ ហើយក្នុងរយៈពេល១០០ម៉ោងចុងក្រោយនេះមានអ្នកឆ្លងដល់ទៅ១លាននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។
បើតាមតួលេខរបស់គេហទំព័រWorldometers គិតដល់វេលាម៉ោង៨ ព្រឹកថ្ងៃទី ១៨ខែកក្កដា(ម៉ោងនៅកម្ពុជា)ពិភពលោកមានអ្នកឆ្លងកូវីដ១៩សរុប 14.175.994 នាក់ និងស្លាប់ 598.446 នាក់។
អ្នកឆ្លងកូវីដ១៩ដំបូងគេបង្អស់ នៅក្នុងប្រទេសចិន គឺនៅដើមខែមករាឆ្នាំ២០២០ ហើយ៣ខែក្រោយមក កូវីដ១៩បានរាលដាលទូទាំងពិភពលោក ដោយមានអ្នកឆ្លងដល់ទៅ១លាននាក់ ហើយមកដល់បច្ចុប្បន្ន មានអ្នកឆ្លងដល់ទៅជាង១៤លាននាក់។
អាមេរិកជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ លើពិភពលោក ដោយមានអ្នកឆ្លងកូវីដ១៩ ជាង៣,៧លាននាក់។ ក្នុងរយៈពេល២៤ម៉ោងថ្ងៃទី១៧ខែកក្កដា អាមេរិកមានអ្នកឆ្លងដល់ទៅ៧៧ពាន់នាក់។
បន្ទាប់ពីអាមេរិក គឺប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ ជាង២លាននាក់ ស្លាប់ជាង៧៦ពាន់នាក់។ ចំណែកឥណ្ឌាស្ថិតនៅលំដាប់ទី៣ មានអ្នកឆ្លងជាង១លានានក់ ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកWHO ក្នុងរយៈពេល២៤ម៉ោងនាថ្ងៃទី១៧ខែកក្កដាមានអ្នកឆ្លងកូវីដ១៩ មានដល់ទៅ237.743 នាក់។
តាមតួលេខស្តីពីការឆ្លងកូវីដ១៩ និងស្លាប់ នៅតាមតំបន់ និងទ្វីបនានាលើពិភពលោក៖
អាមេរិកខាងជើង ៖ មានករណីឆ្លង 4.402.778 នាក់និងស្លាប់ 193.440 នាក់
ទ្វីបអាស៊ី៖ មានករណីឆ្លង 3.255.821 នាក់ និងស្លាប់ 76.509 នាក់
អាមេរិកខាងត្បូង៖ មានករណីឆ្លង 3.171.947 នាក់ និងស្លាប់ 115.014 នាក់
ទ្វីបអឺរ៉ុប៖ មានករណីឆ្លង 2.644.929 នាក់និងស្លាប់ 198.616 នាក់
ទ្វីបអាហ្វ្រិក៖ មានករណីឆ្លង 686.889 នាក់ និងស្លាប់14.714 នាក់
ទ្វីបអូសេអានី៖មានករណីឆ្លង 12.909 នាក់និងស្លាប់ 138 នាក់៕
ដោយ៖ ធី រីណា