ខេត្តកោះកុង៖ អេកូទេសចរណ៍ជីផាត គឺស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា។
ដើម្បីអាចទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ដែលមានទេសភាពយ៉ាងស្រស់ត្រកាល។
តំបន់អេកូទេសចរណ៍ជីផាត ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដូចជាទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់ឆាយជ្រៃ ទឹកធ្លាក់អូរទឹកវេត តំបន់ពាងនិងម្ឈូសបូរាណ និងល្អាងប្រចៀវ ដើរព្រៃ និងបោះតង់ក្នុងព្រៃជាដើម។ ភ្ញៀវទេសចរក៏អាចជិះទូកកាយាក់ មើលទេសភាពដងព្រែក ដ៏ស្រស់ត្រកាលបានផងដែរ។
អ្វីដែលកាន់តែពិសេស គឺសហគមន៍ទេសចរ បានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូ ដែលប្រកបដោយសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។ ចំពោះម្ហូបទៀតសោត ក៏សហគមន៍មានចុងភៅចម្អិនជូនដែរ៕
ដោយ៖ សហការី