អន្តរជាតិ៖ យោងតាមប្រភពព័ត៍មានពីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ ការស្ទង់មតិនៃខេត្តចំនួន ១៤ នៅភាគខាងត្បូងប្រទេសថៃ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០ បានបង្ហាញថា តំបន់នេះបានបង្កើតផលសេដ្ឋកិច្ចចំនួន ៨៤៤,០០៣ តោន ដែលកើនឡើង៥.៩៣% ពីទិន្នផលកាល ពីឆ្នាំមុនដែលមានចំនួន ៧៩៦,៧៥១ តោន។ នេះបើតាមការិយាល័យសេដ្ឋកិច្ចកសិកម្មថៃ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផលិតកម្មផ្លែឈើនៅតំបន់ភាគខាងត្បូងបានបានកើនឡើងជិត ៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយទិន្នផលទុរេនមានកំណើន២២% ហើយប្រទេសចិននៅតែជាអ្នកនាំចូលទុរេនលំដាប់ទី១ របស់ប្រទេសថៃ។
លោក Unchana Tracho អគ្គលេខាធិការរងនៃនាយកដ្ឋាន បានលើកឡើងថា ផ្លែទុរេនបានបំបែកកំណត់ត្រានូវទិន្នផលខ្ពស់បំផុតដោយមាន ៥៨៨,៣៣៧ តោន កើនឡើង ២២.០៣% ពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែផ្លែឈើខ្លះ បានបង្ហាញពីការធ្លាក់ចុះទិន្នផលដូចជា ផ្លែសាវម៉ាវដែលមានចំនួន ៥០,២៨០ តោន ឡុងកុងចំនួន ៥២,១៧៨ តោន និងមង្ឃុត ១៥៣,២០៨ តោន។
លោកអគ្គលេខាធិការរងនៃនាយកដ្ឋាន បានបន្ថែមទៀតថា មូលហេតុដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទិន្នផលទុរេន គឺតម្លៃទីផ្សារបានកើនឡើងដែលបានទាក់ទាញកសិករឱ្យដាំដំណាំបានកាន់តែច្រើន ខណៈពេលដែលផ្លែឈើដទៃទៀតបានទទួលរងផលប៉ះពាល់ពីតំបន់ដាំដុះទាប និងគ្រោះរាំងស្ងួត។
ជាមួយគ្នានេះនាយកដ្ឋាន បានគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមេសាក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ប្រទេសចិននៅតែជាអ្នកទិញទុរេនកំពូលរបស់ថៃដែលបាននាំចេញទុរេនក្នុងតម្លៃ ៥៦៧ លានដុល្លារអាមេរិកទៅកាន់ប្រទេសចិនកើនឡើង ៧៨% ពីមួយឆ្នាំទៅមួយឆ្នាំ៕ដោយ៖ស តារា