អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចេញផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចយល់ព្រមអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បើកដំណើរការជើងហោះហើរ ដឹកអ្នកដំណើរឡើងវិញហើយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះតែម្តង។ នេះបើតាមការអះអាងពីរដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះ ។
គួរបញ្ជាក់ថា កាលពីខែមិថុនា កន្លងទៅនេះ អាជ្ញាធរឥណ្ឌា បានហាមឃាត់ រាល់ការហោះហើរទាំងអស់មកពីសហរដ្ឋអាមេរិក ក្រោមហេតុផលថា៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ពាក់ព័ន្ធជុំវិញបញ្ហានេះដែរ នាយកដ្ឋានដឹកជញ្ជូនអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថា «បានបង្កភាពអយុត្តិធម៌ និងរើសអើង» មកលើសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរបស់អាមេរិកទៀតផង។
ទោះជាយ៉ាងណា ក្រុមអ្នកតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក និងស្ថានទូតឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ នៅឡើយទេជុំវិញរឿងនេះ។
ដោយឡែកក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌានាព្រឹកថ្ងៃសៅរ៍នេះដែរ បានចេញសេចក្តីតីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមគណនី Twitter ដោយបានគូសបញ្ជាក់ថា៖ ខ្លួននឹងពង្រីកប្រតិបត្តិការ រវាងអាកាសចរណ៍អន្តរជាតិបន្ថែមទៀត ក៏ដូចជាកំពុងរៀបចំបើកដំណើរការ ជើងហោះហើរមួយចំនួនឡើងវិញ ជាមួយសហរដ្ឋអាមេរិក, អេមីរ៉ាត់អារ៉ាប់រួម, បារាំង, អាល្លឺម៉ង់ និងបណ្តាប្រទេសជាច្រើនទៀតផងដែរ៕ដោយ៖ស តារា