ភ្នំពេញ៖ នេះព័ត៌មានផ្លូវការហើយ គឺក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកំពុងសម្របសម្រួល ជូនដំណើរពលរដ្ឋកម្ពុជាសរុបចំនួន១៤៣នាក់ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ដែលគ្រោងចាកចេញ នៅវេលាម៉ោង ១២:០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ តាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខ MH754 ហើយដែលនឹងទៅដល់រាជធានីភ្នំពេញនៅវេលា ម៉ោង១៣:០០នាទី ថ្ងៃដដែល។
សូមបញ្ជាក់ថា៖ ពលរដ្ឋកម្ពុជាសរុបចំនួន១៤៣នាក់ ដែលក្នុងនោះរួមមាន សិក្ខាកាមយោធា៩៨នាក់ និស្សិត១នាក់ និងពលរដ្ឋជាប់គាំង១នាក់ មកពីប្រទេសរុស្ស៊ី ព្រមទាំងនិស្សិត៤៣នាក់ មកពីប្រទេស អេហ្ស៊ីប ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទៅប្រទេសកម្ពុជា នឹងចាកចេញ នៅវេលាម៉ោង ១២:០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខ MH754 ហើយដែលនឹងទៅដល់រាជធានីភ្នំពេញនៅវេលា ម៉ោង១៣:០០នាទី ថ្ងៃដដែល។
លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ការធ្វើមាតុភូមិ និវត្តន៍នេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូត កម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដោយស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជាអ្នកជួយ សម្របសម្រួល និងរៀបចំជើងយន្តហោះតភ្ជាប់ពីទីក្រុងគូឡាឡាំពួទៅរាជធានីភ្នំពេញ។
សិក្ខាកាមយោធា និងនិស្សិត ទាំងនេះ មួយចំនួនបានបញ្ចប់ការសិក្សា មួយចំនួនត្រូវទៅធ្វើកម្មសិក្សានៅប្រទេសកម្ពុជា ហើយមួយ ចំនួនត្រូវសម្រាកវិស្សមកាលរយៈពេលយូរ។
ក្នុងឱកាសជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ លោកឯកអគ្គរាជទូត បាននាំយកម៉ាស់ និងទឹកអាល់កុលអនាម័យ ចែកជូនក្រុមនិស្សិតទាំងអស់ និងបានរំលឹកឱ្យប្រុងប្រយ័ត្នក្នុងការការពារ និងបង្ការការឆ្លងជំងឺដ៏កាចសាហាវនេះ។
លោកបានជម្រាបអំពីការយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ដល់និស្សិតទាំងអស់ ក៏ដូចជាពលរដ្ឋខ្មែរទូទៅដែលកំពុងជាប់គាំងនៅបរទេស ដោយសារការបិទជើងយន្តហោះ ដែលបង្ករឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងឱកាសជូនដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ លោក អគ្គរាជទូត បាននាំយកម៉ាស់ និងទឹកអាល់កុលអនាម័យ ចែកជូនក្រុមនិស្សិតទាំងអស់ ហើយបាន ជម្រាបអំពីការយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះនិស្សិតទាំងអស់ ក៏ដូចជាពលរដ្ឋខ្មែរទូទៅដែលកំពុង ជាប់គាំងនៅតាមប្រទេសនានា ដោយសារការបិទជើងហោះហើរ បណ្តោះអាសន្នស្ទើតែគ្រប់ប្រទេស ដែលបង្ករឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំង ពិភពលោក។
គិតចាប់តាំងពីការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គទូត កម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់របស់ប្រជាពលរដ្ឋ ពលករ-ពលការនី និងសិស្ស-និស្សិត រួមទាំងពលរដ្ឋកម្ពុជាជាប់ឃុំឃាំងបានចំនួន៧លើក សរុបមាន ចំនួន៨៩៨នាក់ ដែលក្នុងនោះបានសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងចំនួន១៣២នាក់៕
ដោយ៖ សិលា