បរទេស ៖ បុរសម្នាក់ដែលមានជាងគេបំផុតនៅហុងកុង លោក លី កាស៊ីង បាននិយាយជាច្រើនដងពីរបៀបធ្វើជំនួញរបស់គាត់ ហើយជារឿយៗគាត់ចែករំលែកនូវទស្សនៈជាច្រើនអំពីរបៀបជ្រើសរើសមិត្ត និងទុកចិត្តមនុស្ស។ លោក លី កើតនូនៅ Chaozhou ទីក្រុង Guangdong ប្រទេសចិនក្នុងឆ្នាំ១៩២៨ ប៉ុន្តែនៅឆ្នាំ ១៩៤០ គាត់ និងគ្រួសារបានភៀសខ្លួនទៅហុងកុងក្នុងកំឡុងសង្គ្រាមស៊ីវិលនៅប្រទេសចិន។ នៅទីនោះគាត់បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់នៅអាយុ ២២ ឆ្នាំ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់ Li គឺ Cheung Kong Holdings គឺជាសហគ្រាសធំជាងគេនៅហុងកុង។
មហាសេដ្ឋីរូបនេះដែលតែងតែផ្ដោតការយកចិត្តដាក់លើសហគមន៍ជំនួញរបស់ខ្លួនធ្លាប់បាននិយាយថា៖ « ការឲ្យខ្ចីប្រាក់ អាចវិនិច្ឆ័យពីគុណភាពរបស់មនុស្ស »។ លោកបន្តថា៖ « តើអ្វីដែលពិបាកបំផុត? គឺការខ្ចីលុយ! អ្នកដែលឲ្យប្រាក់អ្នកខ្ចី គឺជាអ្នកសង្គ្រោះរបស់អ្នក។ អ្នកដែលឲ្យប្រាក់អ្នកខ្ចីដោយមិនធ្វើកិច្ចសន្យា គឺជាអ្នកសង្គ្រោះដ៏ស្មោះត្រង់បំផុតរបស់អ្នក។ ហើយសព្វថ្ងៃនេះមិនមានមនុស្សបែបនេះច្រើនទេ ហើយប្រសិនបើអ្នកមានមនុស្សបែបនេះនៅក្បែរខ្លួន អ្នកត្រូវតែថែរក្សាពួកគេឲ្យបានល្អ។
ជាមួយគ្នានេះមហាសេដ្ឋីវ័យចំណាស់រូបនេះបានពន្យល់ថា អ្នកដែលឲ្យលុយអ្នកខ្ចីក្នុងពេលដែលអ្នកកំពុងលំបាក មិនមែនពួកគេមានលុយច្រើនទើបធ្វើដូច្នេះនោះទេ តែដោយសារគេចង់ជួយអ្នកដោយស្មោះ។ អ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាលុយទេ តែជាទំនុកចិត្ត ការជឿជាក់ ការលើកទឹកចិត្ត និងការទទួលស្គាល់នូវសមត្ថភាពរបស់អ្នក ជាការវិនិយោគនាពេលអនាគត។
លោក លី សង្ឃឹមថា នៅក្នុងមិត្តភាពនឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៃសេចក្ដីសុចរិត ព្រោះថាការបាត់បង់ទំនុកចិត្តនាំឲ្យមានភាពក្ស័យធនដ៏ធំបំផុតនៅក្នុងជីវិតដោយសារមិត្តដែលស្មោះត្រង់នឹងជួយអ្នករហូតពេញមួយជីវិតរបស់ពួកគេ។ ឧទាហរណ៍មនុស្សម្នាក់ដែលចេញលុយទូទាត់ជំនួសអ្នក មិនមែនដោយសារតែពួកគេឆោតល្ងង់ទេ និងមានលុយច្រើនពេកទេ ប៉ុន្តែដោយសារតែពួកគេឱ្យតម្លៃមិត្តភាពច្រើនជាងប្រាក់។
ដោយឡែកនៅពេលធ្វើជំនួញជាមួយគ្នាប្រសិនបើដៃគូរបស់អ្នកសុខចិត្តផ្តល់ឱ្យអ្នកនូវគុណប្រយោជន៍ភាគច្រើន មិនមែនមកពីគេល្ងង់ទេតែមកពីគេចេះចែករំលែក។ ប្រសិនបើពួកគេផ្តួចផ្តើមធ្វើការងារបន្ថែមទៀត វាមិនមែនដោយសារតែពួកគេអំនួត ឬ ធ្វើចេះនោះទេ ប៉ុន្តែដោយសារតែពួកគេដឹងពីរបៀបទទួលខុសត្រូវ។ ប្រសិនបើពួកគេជាមនុស្សដំបូងដែលសុំទោសបន្ទាប់ពីការឈ្លោះប្រកែកគ្នា វាមិនមែនដោយសារតែពួកគេធ្វើខុសនោះទេ ប៉ុន្តែដោយសារតែពួកគេដឹងពីរបៀបស្រឡាញ់អ្នកដទៃ។ ប្រសិនបើពួកគេមានឆន្ទៈជួយអ្នក វាមិនមែនដោយសារតែពួកគេជំពាក់អ្នកទេ ប៉ុន្តែដោយសារតែពួកគេចាត់ទុកអ្នកជាមិត្តម្នាក់។ វាអាស្រ័យលើអ្នកដទៃថាតើត្រូវជួយអ្នក ឬ អត់ ខណៈពួកគេមិនចាំបាច់អីត្រូវធ្វើដូច្នោះទេ។
ដូច្នេះតើមានមនុស្សប៉ុន្មាននាក់ដែលមិនអើពើនឹងសេចក្តីពិតដ៏សាមញ្ញនេះ ហើយតើមានមនុស្សប៉ុន្មាននាក់ដែលទទួលយក? មនុស្សមួយចំនួនធ្វើដូចជាពួកគេឆ្លាត ហើយថែមទាំងបង្ហាញអាកប្បកិរិយា ដូចជាបោកបញ្ឆោតអ្នកដទៃដើម្បីសម្រេចគោលដៅរបស់ពួកគេ ប៉ុន្តែមនុស្សទាំងនេះមុន និងក្រោយនឹងត្រូវបានគេបោះបង់ចោល។ មនុស្សស្មោះត្រង់ដើរចូលក្នុងចិត្តអ្នក តែមនុស្សលាក់ពុតដើរចេញពីភ្នែករបស់អ្នក។ វាជាជោគវាសនាសម្រាប់មនុស្សក្នុងការជួបគ្នា ប៉ុន្តែសម្រាប់មនុស្សដើម្បីផ្សះផ្សាគ្នាទៅវិញទៅមក វាទាមទារភាពស្មោះត្រង់ និងភាពជឿជាក់៕
ដោយ៖ ស សម