ខេត្តព្រះសីហនុ៖ យុវជនជាជនសង្ស័យជាប់ពាក់ព័ន្ឋករណី រក្សាទុក ចែកចាយថ្នាំញៀនចំនួន៣នាក់ ត្រូវកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅពីទីតាំងផ្សេងគ្នានា វេលាម៉ោង២២និង៣០នាទីយប់និងវេលាម៉ោង២៣និង៥០នាទីថ្ងៃទី២៨ មករា ឆ្នាំ២០១៦ នៅចំនុច ក្រុមទី២៧ ភូមិ០១ (ក្រោយសុខសាន្ត) សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីលោកវរៈសេនីយ៍ត្រី សួស សិលា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា ក្រោយពីបានស្រាវជ្រាវតាមដាន រួចមក នៅយប់ថ្ងៃទី១៨មករាឆ្នាំ កំលាំងជំនាញ បានឈានដល់ការឃាត់ខ្លួនបានមនុស្ស០៣នាក់ គ្រាដែលយុវជនសង្ស័យទាំងពីរកំពុងធ្វើសកម្មភាព ចែកចាយថ្នាំញៀននៅចំនុចកើតហេតុខាងលើ ។
យុវជនសង្ស័យទាំង០៣មានឈ្មោះទី១ឈ្មោះសុង វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅក្រុមទី២៧ភូមិ០១(ក្រោយសុខសាន្ត) សង្កាត់លេខ០៤ ក្រុងព្រះសីហនុ និងទី២ឈ្មោះ ស៊ិន វណ្ណា ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី២៧ភូមិ០១(ក្រោយសុខសាន្ត) សង្កាត់លេខ០៤ ក្រុងព្រះសីហនុ និង ទី៣ឈ្មោះ ស វឌ្ឌ្យនា ភេទ ប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិ០១សង្កាត់លេខ០១ ក្រុងព្រះសីហនុ(ឃាត់ខ្លួនវេលាម៉ោង២២និង៣០នាទី)។ ក្រោយការឃាត់ខ្លួនយុវជនសង្ស័យទាំង៣នាក់នៅពីរទីតាំងផ្សេងគ្នានេះ សមត្ថកិច្ច បានរកឃើញគ្រឿងញៀនចំនួន០២កញ្ចប់តូច ដបជក់ចំនួន០១ ។
បច្ចុប្បន្ន យុវជនសង្ស័យទាំង៣នាក់ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ