តាមតួលេខរបស់គេហទំព័រWorldometers បានផ្សាយនៅព្រឹកថ្ងៃទី ១៩ខែកក្កដាថា នៅលើពិភពលោកមានអ្នកឆ្លងកូវីដ១៩ជាង១៤,៤លាននាក់ និងស្លាប់ ៦០៤ពាន់នាក់។ ប៉ុន្តែចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺមិនមានប្រទេសណាមួយមានអ្នកស្លាប់លើសពី១ពាន់នាក់ឡើយ ក្នុងរយៈពេល២៤ម៉ោង។
កន្លងមក ប្រេស៊ីល អាមេរិក គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់លើសពី១០០០នាក់ដោយកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោង។ បើទោះបីមានអ្នកស្លាប់តិច តែអាមេរិកមានអ្នកឆ្លងរហូតដល់ទៅ៦៣ពាន់នាក់ ក្នុងមួយថ្ងៃ និងស្លាប់៨០៥នាក់។ អាមេរិកនៅតែជាប្រទេសឈានមុខគេពីចំនួនអ្នកឆ្លងនិងស្លាប់។
ចំណែកប្រេស៊ីលវិញមានអ្នកស្លាប់លើសពី១ពាន់នាក់ក្នុងមួយថ្ងៃ ប៉ុន្តែកាលពីថ្ងៃទី១៨ ខែកក្កដា មានអ្នកស្លាប់តិចជាង១ពាន់នាក់ ។ បើទោះបីមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ក្តី តែប្រធានាធិបតីប្រេស៊ីលលោកJair Bolsonaro បានលើកឡើងថា ការបិទប្រទេសដាក់បម្រាមគោចរបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
ក្រៅពីប្រទេសប្រេស៊ីលនៅមានប្រទេសតំបន់អាមេរិកឡាទីនផ្សេងទៀត ដូចជា Colombia, Mexico, Peru និង Argentina ស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតលើពិភពលោក៕