អ្នកនាំពាក្យក្រសួងសុខាភិបាល បរិយាយពីស្ត្រីអនិកជនខ្មែរ-អាមេរិចកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់​ ដោយឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជាច្រេីនដែលបានសាកសួរមកខ្ញុំ​ មានសំណួរប្រហាក់ប្រហែលគ្នាដូចខាងក្រោមនេះ៖
សំណួរទី១.​ តើស្ត្រីអនិកជនខ្មែរ-អាមេរិចកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ឬយកមកភ្នំពេញ? ព្រោះឮថា ក្រសួងសុខាភិបាលយកគាត់មកធ្វើចត្តាឡីស័កនៅភ្នំពេញ?
ចម្លេីយសំណួរទី១.​ ស្ត្រីរូបនោះ​ ត្រូវបានដាក់ធ្វេីចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ​​ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡេីងដោយអាជ្ញាធរខេត្ត។
សំណួរទី២៖​ តេីកន្លងមកធ្លាប់មានករណីរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនេះដែរឫទេ? បេីមាន​ តើសរុបប៉ុន្មានករណីដែរ?
ចម្លេីយសំណួរទី២.​ កន្លងមក​ ក៏មានការគេចវេសក្នុងការធ្វេីតេស្តរកវីរុសកូវីដ-១៩​ ក្នុងចំនួនតិចតួចណាស់​ តែមិនមានការគេចវេសធ្វេីចត្តាឡីស័កបែបដូចករណីស្ត្រីខ្មែរ-អាមេរិកកាំងនេះទេ។ ​ យេីងបានអប់រំណែនាំពួកគាត់​ ដេីម្បីព្រមព្រៀងធ្វេីតេស្ត​ និងតាមដានសុខភាពបន្ត។

សំណួរទី៣៖​ តើក្រសួងសុខាភិបាលនឹងមានវិធានការបែបណា​ សម្រាប់ស្ត្រីរូបនេះ ឬអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្ត​ ដោយដាក់ទោសទណ្ឌ ឬពិន័យអ្វីទេ​ ដើម្បីការពារកុំឱ្យមានការរត់ចេញបែបនេះទៀត?
ចម្លេីយសំណួរទី៣.​ នេះជាករណីដែលបានចាក​ចេញពីកន្លែងធ្វេីចត្តាឡីស័ក​ ដោយមិនបានស្នេីសុំត្រឹមត្រូវ​ ដែលជាទង្វេីលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ ករណីនេះ​ ទាមទារពេលវេលាបន្តិចសិន​ ដេីម្បីក្រុមការងារ​ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ​ កំពុងធ្វេីការងារបន្តទៀតសិន។

សំណួរទូី៤៖​ ប្រជាពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើដំណើរពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប ឆ្លងតាមប្រទេសម៉ាឡេស៊ី​ តើក្រសួងសុខាភិបាលនឹងមានវិធានការ និងធ្វើចត្តាឡីស័កពួកគាត់នៅឯណា?

ចម្លេីយសំណួរទី៤.​ ក្រសួងបានត្រៀមលក្ខណ:ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព​ជូនដល់អ្នកដំណេីរទាំងអស់ដែលត្រូវចូលមកកម្ពុជា​ ដូចដែលបាននិងកំពុងធ្វេីហេីយ។ ប្រសិនបេីមានព័ត៌មានអ្វីបន្ថែមទៀត​ ​ ក្រសួងសុខាភិបាលនឹងជូនព័ត៌មានដល់សាធារណជន​ ដូចធ្លាប់បានធ្វេីកន្លងមកអញ្ចឹង។

សំណួរទី៥.​ តើលោកជំទាវមានជាសារ​ ឫការណែនាំអ្វីចង់បញ្ជាក់បន្ថែមទៀតអ្វីខ្លះដែរទេ?
ចម្លេីយសំណួរទី៥.​ ថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញសេចក្តីណែនាំតាមរយ:ទំព័រហ្វេសបុករបសលសម្តេចរួចហេីយ​ ដូច្នេះ​ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩​ តាមការអំពាវនាវ​ និងការណែនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងរបស់ក្រសួងសុខាភិបាល​ ដូចដែលធ្លាប់បានពន្យល់និងលេីកឡេីងជារឿយៗ​ និងច្រេីនលេីកមកហេីយ​ដែរ។ សម្រាប់បុគ្គលដែលត្រូវធ្វេីចត្តាឡីស័កចំនួន​ ១៤ថ្ងៃ៖​ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ​ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ​ ទាំងជនជាតិខ្មែរ​ ទាំងជនបរទេសទាំងអស់ដែលរស់នៅ​ និងចូលមកកម្ពុជា​។ ប្រសិនបេីមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ​ បុគ្គលដែលមិនគោរព​ និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល​ ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ​ ដោយចេតនា​ ឫអចេតនាក្តី​ នឹងត្រូវទទួលទោស​ ឫទទួលការផាកពិន័យ​ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា​ ដូចជាអនុក្រឹត្យលេខ១២៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៥​ ស្តីពី​ វិធានការសុខាភិបាលដេីម្បីទប់ស្កាត់និងឆ្លេីយតបការឆ្លងរាលដាលជាអន្តរជាតិ​នៃជំងឺនៅតាមច្រកចេញចូល​ ជាដេីម។

លោកស្រីបន្តថា៖ ខ្ញុំសូមអរគុណជាអនេកនូវការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ក្នុងការអនុវត្តវិធានការសុខាភិបាលនិងការការពារការចម្លងវីរុសកូវីដ-១៩​ ឲ្យបានខ្ជាប់ខ្ជួន​ កុំភ្លេចខ្លួនឲ្យសោះថា​ កូវីដ-១៩​ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាក្លាំងក្លានៅឡេីយទេ​ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ មានសុខភាពល្អ​ សប្បាយរីករាយដោយការប្រុងប្រយ័ត្នជាប់ជានិច្ច​ ក្នុងថ្ងៃឈប់សម្រាកការងារនៅថ្ងៃទី១៧​ ដល់ទី​២១​ ខែសីហា​ ឆ្នាំ២០២០​ នាពេលខាងមុខនេះ​ និងសូមចៀសផុតការចម្លងវីរុសកូវីដ-១៩​ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត​ និងកុំឲ្យមានការចម្លងចូលក្នុងសហគមន៌យេីងផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print