ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា៖ ព្រឹកនេះ ខ្ញុំចង់អញ្ជើញបងប្អូនកសិករ ចុះពិនិត្យមើលបទពិសោធន៍នៃការភ្ញាស់និងចិញ្ចឹមកង្កែបរបស់កសិករ សោម លី នៅសង្កាត់វិហារលួង ក្រុងសួង ដែលបានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែប ពីមានអាងចំនួន ៦ សម្រាប់ដាក់ មេពូជ ញី ២០ក្បាល ឈ្មោល ២០ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ ៣៥០ក្បាល និងឈ្មោល ៣៥០ក្បាល ហើយមកទល់បច្ចុប្បន្ននេះអាចមានលទ្ធភាពលក់កូនកង្កែបបានចំនួន ៥០ ០០០ក្បាល ។ ទន្ទឹមនឹងនេះ កសិកររូបនេះ បានភ្ញាស់កូនកង្កែប (កូនក្អុក) បានចំនួន ១០០ ០០០ក្បាល ដែលទើបតែញាស់បានមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។ បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អណាស់ ដោយកូនកង្កែបមួយអាចលក់បានតម្លៃ ៤០០រៀល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្តព្រៃវែង។ ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០រៀល/គ.ក្រ អាចទទួលបានចំណេញបានចន្លោះពី ២ ០០០-៣ ០០០ដុល្លា/ខែ ហើយក្នុងរយៈពេល ៣-៤ខែខាងមុខនេះ គាត់មានផែនការពង្រីកបន្ថែមលើផ្ទៃដីចំនួន ២ហិកតាបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កសិករកម្ពុជា ក្រៅពីបង្កបង្កើនផលស្រូវដំណាំ នារដូវវស្សា ក៏មានអ្នកពង្រីកការចិញ្ចឹមសត្វ មាន់ ទា ជ្រូក គោ ក្របី ត្រី បង្កែប ។ល។ បានចំណូលសម្រាប់ដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតផងដែរ៕
ដោយ៖ សិលា