ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ
នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានប្រមូលផ្តុំ កម្លាំងចំណុះឲ្យបញ្ជាការដ្ឋានទាំងអស់ អនុវត្តជាប្រចាំនូវការចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (Covid-19) ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជម្ងឺកូវីដ-១៩ (Covid-19) យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ផងដែរ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯកមេបញ្ជាការ បានក្រើនរំលឹកពីគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរ នៃការចម្លងជម្ងឺវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ សុខ ខេមរា